ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់រំពឹងថា ក្រុមហ៊ុនបរទេស នឹងវិលត្រឡប់វិញ ប្រសិនបើអាមេរិកដកទណ្ឌកម្ម

បរទេស៖ មន្ត្រីនាំពាក្យរដ្ឋាភិបាលអ៊ីរ៉ង់ នៅថ្ងៃអង្គារនេះ បាននិយាយប្រាប់ថា ប្រទេសអ៊ីរ៉ង់រំពឹងថា ក្រុមហ៊ុនបរទេសនានា នឹងវិលត្រឡប់មកវិញ ប្រសិនបើទណ្ឌកម្មសហរដ្ឋអាមេរិក ត្រូវបានដកក្រោមប្រធានាធិបតី ជាប់ឆ្នោតអាមេរិក លោក ចូ បៃដិន ហើយមានក្រុមហ៊ុនខ្លះ បានធ្វើកុងត្រាបឋមរួចរាល់ហើយ។

លោក Ali Rabiei តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍ប្រាប់ សន្និសីទកាសែតមួយ ដែលផ្សាយបន្តផ្ទាល់លើគេហទំព័រ ផ្លូវការរបស់រដ្ឋាភិបាលយ៉ាងដូច្នេះថា “នាពេលថ្មីៗនេះ កុងត្រាស្តីពីការបើកការិយាល័យ និងវត្តមានរបស់ក្រុមហ៊ុន បរទេសក្នុងប្រទេសអ៊ីរ៉ង់ បានកើនឡើង”។

គួរបញ្ជាក់ថា ក្រុមហ៊ុនបរទេសនានា បានចាកចេញពីប្រទេសអ៊ីរ៉ង់ ក្រោយពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កាលពីពីរឆ្នាំមុន បានបោះបង់ចោលកិច្ចព្រមព្រៀងនុយក្លេអ៊ែ ឆ្នាំ២០១៥ របស់អ៊ីរ៉ង់ ដែលធ្វើឡើងជាមួយ មហាអំណាចពិភពលោក និងបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចឡើងវិញ ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top