វ៉ាស៊ីនតោន៖ របាយការណ៍បានលើកឡើង កាលពីថ្ងៃពុធថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) ដោយប្រទេសកូរ៉េខាងត្បូង និងប្រទេសចំនួន ១៤ ផ្សេងទៀតនៅអាស៊ី បានពង្រឹងតម្រូវការ សម្រាប់សហរដ្ឋអាមេរិក ក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្រដៀងគ្នានៅក្នុងតំបន់នេះ ដែលហៅកាត់ថា TPP។
របាយការណ៍ពីសេវាកម្ម ស្រាវជ្រាវសភាបានស្នើថា សហរដ្ឋអាមេរិកប្រហែលជា ត្រូវពិចារណាលើកិច្ចព្រមព្រៀង ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (TPP) ដើម្បីការពារផលប្រយោជន៍ របស់ខ្លួននៅក្នុងតំបន់។
របាយការណ៍នោះចុះថ្ងៃទី១៩ ខែវិច្ឆិកានេះថា“ សមាជិកសភា និងអ្នកវិភាគមួយចំនួនយល់ឃើញថា TPP គឺជាឱកាសមួយ សម្រាប់សហរដ្ឋអាមេរិក ដើម្បីបង្កើតច្បាប់ពាណិជ្ជកម្មក្នុងតំបន់ និងពិភពលោកហើយមានឥទ្ធិពល លើការអនុវត្តសេដ្ឋកិច្ចរបស់ប្រទេសចិន” ។
របាយការណ៍នេះបានកើតឡើង ៣ថ្ងៃបន្ទាប់ពី ប្រធានាធិបតីជាប់ឆ្នោត សហរដ្ឋអាមេរិកលោក ចូ បៃដិន បានកត់សម្គាល់ពីតម្រូវការ សម្រាប់ប្រទេសរបស់លោក ក្នុងការធ្វើការជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន នៅក្នុងតំបន់ ដើម្បីប្រឆាំងនឹងការប្រកួតប្រជែងដែល កំពុងកើនឡើងរបស់ប្រទេសចិន ៕
ដោយ ឈូក បូរ៉ា