ព័ត៌មានអន្តរជាតិ

ម៉ិកស៊ិក មានអ្នកឆ្លងជំងឺកូវីដ១៩ កើនឡើងលើសពី ១លាននាក់

ម៉ិកស៊ីកូ ស៊ីធី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាលរបស់ម៉ិកស៊ិក បានរាយការណ៍ ឲ្យដឹងកាលពីថ្ងៃពុធថា មានករណីថ្មីចំនួន១០.៣៣៥នាក់ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបនៅក្នុងប្រទេសកើនឡើងដល់១.០៧០.៤៨៧នាក់ ។

ម៉ិកស៊ិក ត្រូវបានគេរាយការណ៍ថា មានអ្នកស្លាប់បន្ថែមចំនួន៨៥៨នាក់ នៅក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំចំនួនអ្នកស្លាប់ដោយ សារជំងឺកើនឡើងដល់១០៣.៥៩៧នាក់ ។

លោក Marcelo Ebrard រដ្ឋមន្ត្រីក្រសួងការបរទេសរបស់ម៉ិកស៊ិក បានឲ្យដឹងកាលពីថ្ងៃអង្គារថា ប្រទេសអាមេរិកឡាទីន អាចចាប់ផ្តើមចាក់វ៉ាក់សាំងកូវីដ១៩ នៅក្នុងខែធ្នូ បើសិនជា វិទ្យាស្ថានច្បាប់បញ្ជាក់អំពីប្រសិទ្ធិភាពទៅលើឳសថ ។

ម៉ិកស៊ិក មានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩លើសពី១០០.០០០នាក់ គិតត្រឹមថ្ងៃព្រហស្បតិ៍ ដែលនាំឲ្យប្រទេសក្លាយជាប្រទេសទី៤នៅលើពិភពលោក ដែលមានអ្នកឆ្លងជំងឺច្រើនបំផុត បន្ទាប់ពីសហរដ្ឋអាមេរិក ប្រេស៊ីល និងឥណ្ឌា ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top