ព័ត៌មានអន្តរជាតិ

រុស្ស៊ីអះអាង បានបណ្ដេញនាវាពិឃាតអាមេរិក ចេញពីតំបន់

បរទេស៖ ក្រសួងការពារជាតិរបស់ប្រទេសរុស្ស៊ី នៅថ្ងៃអង្គារសប្ដាហ៍នេះ បាននិយាយប្រាប់ថា ខ្លួនបានប្រទះឃើញនាវាពិឃាត USS John McCain របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក នៅក្នុងដែនទឹកមានជម្លោះ នៅសមុទ្រជប៉ុន និងបានបណ្ដេញនាវានោះចេញ។

នាវានោះ កំពុងតែធ្វើនូវអ្វី ដែលកងទ័ពជើងទឹកអាមេរិកពិពណ៌នាថា ជាប្រតិបត្តិការសេរីភាពនាវាចរណ៍ ឬហៅកាត់ថា FONOP កាលពីថ្ងៃអង្គារ នៅក្បែរតំបន់ Peter the Great Gulf ដែលរុស្ស៊ីអះអាងថា ជាដែនទឹករបស់ខ្លួន ប៉ុន្តែសហរដ្ឋអាមេរិកចាត់ទុកថា ជាដែនទឹកអន្តរជាតិ។

ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី TASS បានរាយការណ៍ប្រាប់ថា នាវាពិឃាតទ័ពជើងទឹក សហរដ្ឋអាមេរិកនោះ បានធ្វើដំណើរឆ្លងកាត់ព្រំដែនសមុទ្រ ចូលទៅក្នុងប្រទេសរុស្ស៊ីចម្ងាយ១,២ម៉ាយ ជាហេតុបណ្ដាលឲ្យនាវាពិឃាត ប្រឆាំងនាវាមុជទឹករុស្ស៊ី Admiral Vinogradov ចេញនូវការព្រមាន៕ ប្រែសម្រួល៖ប៉ាង កុង

To Top