ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង-ចិន ព្រមព្រៀងគ្នា ស្តីពីដំណើរទស្សនកិច្ច របស់លោក ស៊ី ជីនពីង និងកិច្ចពិភាក្សាស្តីពីកូរ៉េខាងជើង

បរទេស៖ នៅថ្ងៃព្រហស្បតិ៍នេះ ប្រទេសកូរ៉េខាងត្បូងនិងប្រទេសចិន បានព្រមព្រៀងគ្នាត្រៀមរៀបចំ សម្រាប់ដំណើរទស្សនកិច្ច របស់លោកប្រធានាធិបតីចិន ស៊ី ជីនពីង ទៅកាន់ប្រទេសកូរ៉េខាងត្បូង និងកិច្ចសហប្រតិបត្តិការ លើកិច្ចពិភាក្សាដែលជាប់គាំង ស្តីពីកម្មវិធីនុយក្លេអ៊ែកូរ៉េខាងជើង និងការដោះស្រាយបញ្ហាមេរោគកូរ៉ូណា។

រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានធ្វើដំណើរទៅដល់រដ្ឋធានី របស់ប្រទេសកូរ៉េខាងត្បូង កាលពីល្ងាចថ្ងៃពុធ ក្រោយដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃ នៅប្រទេសជប៉ុន ស្របពេលដែលរដ្ឋាភិបាលអាស៊ីនានា ត្រៀមខ្លួនសម្រាប់ការផ្លាស់ប្តូរផ្សេងៗ ក្រោមរដ្ឋបាលអាមេរិកថ្មី។

ក្រោយលោក វ៉ាង យី ប្រារព្ធធ្វើកិច្ចពិភាក្សាគ្នា ជាមួយរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក Kang Kyung-wha រួចមក នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសកូរ៉េខាងត្បូងបាននិយាយថា “ភាគីទាំងពីរបានព្រមព្រៀង ធ្វើកិច្ចទំនាក់ទំនងគ្នាយ៉ាងសកម្ម ដើម្បីធ្វើឲ្យស្ថានភាពជម្ងឺកូវីដ១៩ មានស្ថិរភាព ហើយលក្ខខណ្ឌនានា ត្រូវបានបង្កើតឡើង សម្រាប់ដំណើរទស្សនកិច្ច របស់លោកប្រធានាធិបតី ស៊ី”៕ ប្រែសម្រួល៖ប៉ាង កុង

To Top