ព័ត៌មានអន្តរជាតិ

បារាំង និងសភាសហភាពអឺរ៉ុប ជំរុញឲ្យដាក់ទណ្ឌកម្ម លើតួកគីនៅខែក្រោយ

បរទេស៖ រដ្ឋសភាអឺរ៉ុប នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានជំរុញសហភាពអឺរ៉ុប ឲ្យដាក់ទណ្ឌកម្មលើប្រទេសតួកគី ក្រោយលោកប្រធានាធិបតី Tayyip Erdogan នៅក្នុងខែនេះ បានធ្វើទស្សនកិច្ចកោះស៊ីបតួកគី ស្ថិតនៅភាគខាងជើង នៃសាធារណរដ្ឋស៊ីប។

ដោយមានសម្លេងគាំទ្រ៦៣១សម្លេង សម្លេងប្រឆាំង៣ និងអនុបវាទ៥៩សម្លេងនោះ រដ្ឋសភាអឺរ៉ុប បានព្រមព្រៀងឲ្យមានសេចក្តីសម្រេចមួយ ក្នុងការគាំទ្រសមាជិកសហភាពអឺរ៉ុប គឺប្រទេសស៊ីប ជំរុញថ្នាក់ដឹកនាំសហភាពអឺរ៉ុប ឲ្យចាប់វិធានការនិងដាក់ទណ្ឌកម្មធ្ងន់ធ្ងរ ដើម្បីជាការឆ្លើយតបចំពោះទង្វើ មិនស្របច្បាប់របស់ប្រទេសតួកគី។

ក្រៅពីនេះ សេចក្តីសម្រេចនេះ ក៏ទំនងជាបង្កើនការគាំទ្រចំពោះ ការជំរុញរបស់ប្រទេសបារាំង ដែលឲ្យមានទណ្ឌកម្មសហភាពអឺរ៉ុប លើប្រទេសតួកគីនៅខែក្រោយនេះ ក្រោយមានការគម្រាមធ្វើឡើង ដោយសហភាពអឺរ៉ុប នៅក្នុងខែតុលា ជុំវិញបញ្ហាជម្លោះរវាងទីក្រុងអង់ការ៉ា និងសមាជិកសហភាពអឺរ៉ុប គឺប្រទេសក្រិកនិងស៊ីប ជុំវិញសិទ្ធិឧស្ម័នធម្មជាតិផងដែរ ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top