បរទេស៖រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសរុស្ស៊ី បាននិយាយប្រាប់ប្រធានាធិបតីបេឡារុស លោក Alexander Lukashenko នៅថ្ងៃព្រហស្បតិ៍ ឲ្យគោរពតាមកិច្ចព្រមព្រៀងគ្នាជាមួយវិមានក្រឹមឡាំង និងជំរុញឲ្យបន្តធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញ ដើម្បីបំបាំងវិបត្តិនយោបាយ ក្រោយមានការតវ៉ាជាច្រើនខែ។
នៅក្នុងអំឡុងដំណើរទស្សនកិច្ចទៅរដ្ឋធានីរបស់ប្រទេសបេឡារុស គឺទីក្រុង Minsk លោករដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergei Lavrov បាននិយាយប្រាប់ប្រធានាធិបតីបេឡារុសដូច្នេះថា “ទន្ទឹមនឹងការដែលលោកប្រធានាធិបតី ពូទីន ធ្វើការសង្កត់ធ្ងន់ម្តងហើយម្តងទៀតនោះ យើងមានចំណាប់អារម្មណ៍ចង់ឃើញ នូវគំនិតផ្តួចផ្តើមទាំងនេះកើតឡើង”។
គួរបញ្ជាក់ថា លោក Lukashenko ដែលប្រឈមមុខនឹងការស្នើឲ្យចុះចេញពីតំណែង ក្រោយការបោះឆ្នោតជ្រើសប្រធានាធិបតីថ្ងៃទី០៩ខែសីហា ដែលអ្នកតវ៉ានិយាយថា មានការលួចបន្លំនោះ បានធ្វើការសន្យានៅក្នុងអំឡុងកិច្ចពិភាក្សាគ្នាជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន កាលពីថ្ងៃទី១៤ ខែកញ្ញាថា លោកនឹងធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញរបស់ប្រទេសបេឡារុស៕ប្រែសម្រួល៖ប៉ាង កុង