រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ កាលពីរាត្រីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ថា អ្នកនាំពាក្យយោធាមួយរូប បានប្រាប់នៅក្នុងសន្និសីទសារព័ត៌មានមួយ ដែលបានរៀបចំឡើង កាលពីថ្ងៃសុក្រថា យោធារបស់មីយ៉ាន់ម៉ា បានរឹបអូសបាន សារធាតុញៀនទ្រង់ទ្រាយធំ ដែលជាប្រភេទថ្នាំសណ្តំ ដែលមានតម្លៃ ប្រមាណ៨៣៧ពាន់លាន kyats ស្មើនឹង ៦៣៤,០៩លានដុល្លារអាមេរិក គិតចាប់ពីដើមឆ្នាំរយៈពេល១១ខែ នៅក្នុងឆ្នាំនេះ ។
យោធាចាប់ឃាត់ បានសារធាតុហេរ៉ូអ៊ីន ចំនួនជាង៩២១គីឡូក្រាម សារធាតុមេតាមហ្វេតាមីន (ម៉ាទឹកកក) ចំនួន២១.១៣៩គីឡូក្រាម គ្រាប់ថ្នាំលើកកម្លាំង ចំនួន២៣៧.៥លានគ្រាប់ និងសារធាតុថ្នាំផ្សេងៗទៀត កាលពីថ្ងៃទី២៤ ខែវិច្ឆិកាកន្លងទៅនេះ ។ លោកមេបញ្ជាការយោធា Zaw Min Tun ដែលជាប្រធាន ក្រុមការងារយោធាព័ត៌មានពិត បានលើកឡើងដូច្នេះ ។
អ្នកនាំពាក្យបានឲ្យដឹងថា យោធាក៏បានរឹបអូស កំណាត់ឈើខុសច្បាប់ ចំនួន១.៩៥៣តោន ដែលមានតម្លៃជាង៤,៦៥ពាន់លាន kyats ស្មើនឹង៣,៥២លានដុល្លារអាមេរិក កាលពីថ្ងៃទី១៧ ខែតុលា ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ដែលជាផ្នែកមួយ នៃការអភិរក្សធនធាន ដែលបានមកពីការជួញដូរខុសច្បាប់ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា