យូអិន៖ អ្នកនាំពាក្យអង្គការសហប្រជាជាតិ នៅថ្ងៃសុក្រម្សិលមិញនេះ បានអំពាវនាវឱ្យមានការអត់ធ្មត់ និងជៀសវាងការកើនឡើងកំដៅនៅតំបន់មជ្ឈឹមបូព៌ា បន្ទាប់ពីការធ្វើឃាតអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរអ៊ីរ៉ង់កំពូលលោក Mohsen Fakhrizadeh។
អ្នកនាំពាក្យរងអគ្គលេខាធិការអង្គការសហប្រជាជាតិបានឲ្យដឹងថា “យើងបានកត់សម្គាល់ឃើញរបាយការណ៍ ដែលថាអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរអ៊ីរ៉ង់ម្នាក់ ត្រូវបានគេធ្វើឃាតនៅជិតទីក្រុងតេអេរ៉ង់ នៅថ្ងៃនេះ។ យើងទទូចឱ្យមានការអត់ធ្មត់ និងភាពចាំបាច់ ដើម្បីជៀសវាងរាល់សកម្មភាព ដែលអាចនាំឱ្យមានការកើនឡើងនៃភាពតានតឹងនៅក្នុងតំបន់” ។
នៅក្នុងលិខិតផ្ញើជូនអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres និងលោក Inga Rhonda King ប្រធានក្រុមប្រឹក្សាសន្តិសុខ សម្រាប់ខែវិច្ឆិកាអ្នកតំណាងអចិន្រ្តៃយ៍របស់អ៊ីរ៉ង់ ប្រចាំនៅអង្គការសហប្រជាជាតិ Majid Takht Ravanchi បានសម្តែងការថ្កោលទោសយ៉ាងខ្លាំងប្រឆាំងនឹង“ ការធ្វើឃាតឧក្រិដ្ឋកម្ម” លើអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែររបស់ខ្លួន។
លោកបានបន្ថែមថា អ៊ីរ៉ង់រំពឹងថា អគ្គលេខាធិការអង្គការសហប្រជាជាតិ និងក្រុមប្រឹក្សាសន្តិសុខនឹងថ្កោលទោសយ៉ាងខ្លាំង ចំពោះសកម្មភាពភេរវកម្មអមនុស្សធម៌នេះ និងចាត់វិធានការចាំបាច់ប្រឆាំងនឹងជនល្មើសរបស់ខ្លួន៕ដោយ ឈូក បូរ៉ា