ព័ត៌មានអន្តរជាតិ

អ្នកវិទ្យាសាស្ត្រ រកឃើញ​ គ្រោងឆ្លឹងបាឡែន ដ៏ចំណាស់នៅ ក្នុងប្រទេសថៃ

បរទេស៖ អ្នកស្រាវជ្រាវ ក្នុងប្រទេសថៃ នាពេលថ្មីៗនេះ បានរកឃើញគ្រោងឆ្អឹង ត្រីបាឡែន ដែលនៅរក្សារូបរាងដើម បានល្អស្ទើរតែទាំងស្រុង និងត្រូវគេជឿជាក់ថា មានអាយុកាល ចន្លោះពី៣.០០០ទៅ៥.០០០ឆ្នាំ នេះបើតាម សេចក្តីរាយការណ៍មួយ ចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន UPI។

គ្រោងឆ្អឹងត្រីបាឡែន មានប្រវែង៣៩ហ្វីតនោះ គឺត្រូវបានគេរកឃើញ នៅលើតំបន់ចម្ងាយ ៧,៥ម៉ាយ ជិតទីក្រុងបាងកក និងត្រូវបានគេគិតថា ជាត្រីបាឡែន នៃអម្បូរ Bryde។ ត្រីបាឡែនអម្បូរ Bryde នេះ តាមសេចក្តីរាយការណ៍ នៅតែគេប្រទះឃើញ នៅក្នុងដែនទឹកដី របស់ប្រទេសថៃ ហើយដោយជាប្រភេទត្រី ដែលត្រូវគេអភិរក្សនោះ ត្រីបាឡែនប្រភេទនេះ ប្រឈមមុខនឹងការគម្រាមកំហែង ពីឧបករណ៍នេសាទ និងវិស័យទេសចរណ៍។

ផ្ទាំងពាណិជ្ជកម្ម

អ្នកវិទ្យាសាស្ត្រសង្ឃឹមថា សំណល់គ្រោងឆ្អឹងនេះ នឹងផ្តល់ឲ្យនូវ ទស្សនវិស័យមួយ ស្តីពីអតីតកាល ជាពិសេសស្តីពី កម្រិតទឹកសមុទ្រ និងជីវចម្រុះ។ អ្នកស្រាវជ្រាវ ពីមច្ឆាជាតិ លោក Marcus Chua មកពីសាកលវិទ្យាល័យជាតិ National University of Singapore បានមានប្រសាសន៍ថា មានផូស៊ីលត្រីបាឡែន តិចតួចណាស់ នៅតំបន់អាស៊ី និងកាន់តែតិចតួចឡើងទៀត នៅក្នុងលក្ខខណ្ឌល្អបែបនេះ៕
ប្រែសម្រួល៖ប៉ាង កុង

To Top