ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការពារជាតិ ស្តីទីអាមេរិក ធ្វើដំណើរទស្សនកិច្ច សូម៉ាលី

បរទេស៖ រដ្ឋមន្ត្រីការពារជាតិ ស្តីទីសហរដ្ឋអាមេរិក លោក Christopher Miller បានធ្វើដំណើរទស្សនកិច្ច ដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ទៅកាន់ប្រទេសសូម៉ាលី នៅថ្ងៃសុក្រសប្ដាហ៍នេះ ស្របពេលដែលលោក ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ពិចារណាកាត់បន្ថយ​ ចំនួនកងទ័ព ប្រឆាំងអំពើភេរវកម្ម នៅក្នុងប្រទេសនោះ។

លោក Christopher Miller ដែលឡើងកាន់តំណែង ជំនួសលោក Mark Esper កាលពីថ្ងៃទី០៩ ខែវិច្ឆិកា គឺកំពុងតែធ្វើទស្សនកិច្ច នៅបរទេសជាលើកដំបូង របស់លោក ក្នុងតួនាទីជារដ្ឋមន្ត្រីការពារជាតិ ហើយនៅក្នុងប្រទេសសូម៉ាលី គឺមានកងទ័ពសហរដ្ឋអាមេរិក ប្រហែល៧០០នាក់។

គួរបញ្ជាក់ថា កងទ័ពអាមេរិកឈរជើងប្រចាំការ ក្នុងប្រទេសសូម៉ាលី ជាចម្បងគឺធ្វើការបង្វឹក និងណែនាំកងកម្លាំងសូម៉ាលី ក្នុងដំណើរប្រយុទ្ធនឹងពួក al-Shabaab ដែលជាសម្ពន្ធមិត្តដ៏ធំបំផុត របស់ពួកអាកៃដា និងពួកសាខារបស់ក្រុម រដ្ឋឥស្លាមជ្រុលនិយម។ កងកម្លាំងអាមេរិក បានធ្វើការវាយប្រហារ តាមអាកាសនិងសម្លាប់មេដឹកនាំ កំពូលរបស់ពួក al-Shabaab នៅក្នុងខែកញ្ញា៕
ប្រែសម្រួល៖ប៉ាង កុង

To Top