បរទេស៖ នាវាផ្ទុកយន្តហោះ សហរដ្ឋអាមេរិក USS Nimitz តាមសេចក្តីរាយការណ៍ នៅក្នុងសប្ដាហ៍នេះ ត្រូវបានបញ្ជូនទៅកាន់ តំបន់ឈូងសមុទ្រ គឺតែប៉ុន្មានថ្ងៃមុន មានការសម្លាប់ អ្នកវិទ្យាសាស្ត្រ នុយក្លេអ៊ែអ៊ីរ៉ង់ ប៉ុន្តែទ័ពជើងទឹកអាមេរិក បាននិយាយនៅថ្ងៃសៅរ៍នេះថា ការបញ្ជូនទៅនេះ គឺមិនពាក់ព័ន្ធ នឹងការគម្រាមកំហែង ជាក់លាក់ណាមួយនោះទេ។
លោកស្រីមេបញ្ជាការ Rebecca Rebarich ជាអ្នកនាំពាក្យឲ្យកងនាវា លេខ៥ មានមូលដ្ឋាន នៅក្នុងប្រទេសបារ៉ែន បាននិយាយក្រោយនាវានោះ ត្រូវបញ្ជូនទៅកាលពីថ្ងៃពុធថា គ្មានការគម្រាមកំហែង ជាក់លាក់ ដែលបណ្ដាលឲ្យក្រុមវាយប្រហារ នៃនាវាផ្ទុកយន្តហោះ Nimitz វិលត្រឡប់មកវិញនោះទេ។
ប៉ុន្តែការបញ្ជូនត្រឡប់មកវិញនេះ គឺពាក់ព័ន្ធទៅនឹងការ កាត់បន្ថយទ័ពអាមេរិក នៅក្នុងប្រទេសអ៊ីរ៉ាក់ និងអាហ្វហ្គានីស្ថាន ដើម្បីឲ្យមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការឆ្លើយតបចំពោះការ គម្រាមកំហែងណាមួយ និងទប់ស្កាត់មិនឲ្យបច្ចាមិត្តណាមួយ ធ្វើសកម្មភាពប្រឆាំង កងទ័ពអាមេរិក នៅក្នុងអំឡុងកាត់បន្ថយកម្លាំងនេះ។
គួរបញ្ជាក់ថា លោក Mohsen Fakhrizadeh ជាអ្នកវិទ្យាសាស្ត្រ អ៊ីរ៉ង់មួយរូប ដែលលោកខាងលិចសង្ស័យថា ជាមេគំនិតរៀបចំ កម្មវិធីគ្រាប់បែក នុយក្លេអ៊ែសម្ងាត់នោះ ត្រូវបានគេសម្លាប់ក្នុងហេតុការណ៍ ប៉ះទង្គិចគ្នាដោយអាវុធមួយ ជិតទីក្រុងតេអេរ៉ង់ កាលពីថ្ងៃសុក្រ បង្កឲ្យមានការប្តេជ្ញាសងសឹង ពីថ្នាក់ដឹកនាំអ៊ីរ៉ង់៕ ប្រែសម្រួល៖ប៉ាង កុង