បរទេស៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានបង្ហោះសារទៅលើធ្វីតធី ដោយអំពាវនាវឱ្យថ្កោលទោស ចំពោះការសម្លាប់កុមារពីរនាក់ ដែលត្រូវបានចោទប្រកាន់ ដោយទាហានអូស្ត្រាលី នៅអាហ្វហ្គានីស្ថាន។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក ស្កុតម៉ូរីសុន កំពុងស្វែងរកការសុំទោសពីរដ្ឋាភិបាលចិន បន្ទាប់ពីមានការបង្ហោះដ៏ចម្រូងចម្រាស មួយកាលពីដើមសប្តាហ៍នេះ។
យោងទៅតាម លោក ម៉ូរីសុន គឺថា រដ្ឋាភិបាលទីក្រុងប៉េកាំង គួរតែ “ខ្មាស់អៀន” ចំពោះការលើកឡើងតាមធ្វីតធ័រ ហើយលុបវាចោលភ្លាមៗ។ លោកបានបន្ថែមថា អូស្រ្តាលីក៏បានទាក់ទងទៅក្រុមហ៊ុន Twitter ផងដែរ ដោយស្នើសុំឱ្យលុបការបង្ហោះនេះចេញ។
នាយករដ្ឋមន្រ្តីអូស្រ្តាលីរូបនេះ បានប្រាប់អ្នកយកព័ត៌មាននៅថ្ងៃច័ន្ទនេះថា “វាពិតជាគួរអោយស្អប់ខ្ពើមណាស់ ហើយមិនអាចត្រូវបានរាប់ជាសុចរិត ដោយផ្អែកលើហេតុផលអ្វីក៏ដោយ” លោកក៏បានចាត់ទុកការលើកឡើង របស់ចិននេះថាជាការស្អប់ខ្ពើម និងការវាយលុកយ៉ាងខ្លាំង ចំពោះទាហានការពារអូស្ត្រាលី (ADF) ៕
ប្រែសម្រួលៈ ណៃ តុលា