ព័ត៌មានអន្តរជាតិ

ផ្ទុះភ្នំភ្លើងនៅឥណ្ឌូនេស៊ី បាចផេះ និងផ្សែងកម្ពស់រហូតដល់ ៤គីឡូម៉ែត្រ

ហ្សាកាតា៖ ទីភ្នាក់ងារកាត់បន្ថយគ្រោះ មហន្តរាយរបស់ប្រទេសឥណ្ឌូនេស៊ី បានឲ្យដឹងថា ភ្នំភ្លើងមួយនៅភាគខាងកើតឥណ្ឌូនេស៊ី ក្នុងខេត្ដនូសា តេងហ្គារ៉ា បានផ្ទុះឡើងកាលពីថ្ងៃអាទិត្យ ដោយបាចផេះ និងផ្សែងដែលមានកម្ពស់រហូតដល់ ៤ គីឡូម៉ែត្រទៅលើមេឃ ហើយបង្ខំឲ្យប្រជាជនជាង ២៧០០នាក់ ស្វែងរកទីជម្រកដែលមានសុវត្ថិភាព។

ប្រទេសឥណ្ឌូនេស៊ី មានភ្នំភ្លើងសកម្មជិត ១៣០ កន្លែងច្រើនជាងប្រទេសដទៃទៀត ហើយខណៈពេលដែលមនុស្សជាច្រើន បង្ហាញសកម្មភាពខ្ពស់ដែលវា អាចជាការបង្ហាញ រយៈពេលប៉ុន្មានសប្តាហ៍ រឺក៏ប៉ុន្មានខែ មុនពេលមានការផ្ទុះ។

អ្នកនាំពាក្យទីភ្នាក់ងារលោក Raditya Jati បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការផ្ទុះចេញពីភ្នំភ្លើង Mt Ile Lewotolok ដែលមានចម្ងាយប្រហែល ២,៦០០ គីឡូម៉ែត្រភាគខាងកើតនៃ រដ្ឋធានីហ្សាកាតា របស់ប្រទេសឥណ្ឌូណេស៊ី បានបង្កឱ្យមានការភ័យស្លន់ស្លោ ក្នុងចំណោមអ្នកដែលរស់នៅក្បែរនោះ។

លោក Jati បានលើកឡើងថា មនុស្សប្រហែល ២,៧៨០ នាក់ មកពី ២៦ ភូមិ បានស្វែងរកការភៀសខ្លួន ទោះបីមិនទាន់មានសេចក្តីរាយការណ៍ អំពីគ្រោះថ្នាក់ដល់អាយុជីវិតក៏ដោយ ៕

ដោយ ឈូក បូរ៉ា

To Top