សេអ៊ូល៖ ក្រុមមន្ត្រីបានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូង កំពុងពិចារណាលើការពន្យារពេលធ្វើសន្និសីទថ្នាក់រដ្ឋមន្រ្តីអង្គការសហប្រជាជាតិមួយ ស្តីពីប្រតិបត្តិការថែរក្សាសន្តិភាព ដែលគ្រោងនឹងធ្វើនៅឆ្នាំក្រោយ ចំពេលមានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩នេះ។
រដ្ឋមន្ត្រីការពារជាតិ Suh Wook រដ្ឋមន្រ្តីការបរទេសលោកស្រី Kang Kyung-wha និងមន្ត្រីជាន់ខ្ពស់ដទៃទៀត បានបើកកិច្ចប្រជុំត្រៀមរៀបចំ សម្រាប់សន្និសីទអង្គការសហប្រជាជាតិដែលបានកំណត់នៅខែមេសា និងបានពិភាក្សាអំពីការកែសម្រួលកាលវិភាគព្រឹត្តិការណ៍ “ដោយពិចារណាលើស្ថានភាព និងបទប្បញ្ញត្តិជំងឺកូវីដ-១៩របស់អង្គការសហប្រជាជាតិ និងរដ្ឋជាសមាជិក”។
មន្ត្រីក្រសួងបានឲ្យដឹងថា“ យើងកំពុងពិចារណាពន្យារពេលព្រឹត្តិការណ៍នេះ រហូតដល់ដំណាច់ឆ្នាំ” ។ លោកបានបន្ថែមថា បណ្តាប្រទេសជាសមាជិកចង់ឲ្យសន្និសីទនេះក្លាយជាការប្រជុំគ្នាវិញ៕ដោយ ឈូក បូរ៉ា