សេអ៊ូល៖ ក្រុមអ្នកជំនាញគ្រប់គ្រង ដោយរដ្ឋបានឲ្យដឹងនៅថ្ងៃអង្គារនេះថា ប្រទេសកូរ៉េខាងជើងអាចព្យាយាម ធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនង របស់ខ្លួនជាមួយកូរ៉េខាងត្បូង នៅឆ្នាំក្រោយនេះ ដើម្បីពង្រឹងអានុភាពរបស់ខ្លួន នៅក្នុងការចរចានុយក្លេអ៊ែរ នៅពេលអនាគត ជាមួយសហរដ្ឋអាមេរិក។
វិទ្យាស្ថានកូរ៉េ ដើម្បីបង្រួបបង្រួមជាតិ ដែលមានមូលដ្ឋាននៅទីក្រុងសេអ៊ូល ក៏បានឲ្យដឹងផងដែរថារយៈពេលពីខែឧសភា ដល់ខែកញ្ញា គឺជាពេលវេលាមាស ដើម្បីធ្វើឱ្យមានការរីកចម្រើន នៅក្នុងកិច្ចចរចានុយក្លេអ៊ែរ ដែលជាប់គាំងនិងទំនាក់ទំនងអន្តរកូរ៉េ ខណៈអូឡាំពិករដូវក្តៅតូក្យូ អាចដើរតួជាវេទិកាមួយ សម្រាប់បន្តកិច្ចពិភាក្សា។
កូរ៉េខាងជើង ត្រូវបានគេរំពឹង ថានឹងបង្ហាញទិសដៅគោលនយោបាយ របស់ខ្លួនលើសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ក្នុងអំឡុងពេលសមាជគណបក្សដ៏កម្រមួយ ដែលនឹងត្រូវធ្វើឡើងនៅដើមខែក្រោយ ចំពេលមានភាពមិនប្រាកដប្រជា ចំពោះគោលនយោបាយរបស់កូរ៉េខាងជើង លើទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីការបោះឆ្នោតរបស់លោក ចូ បៃដិន ជាប្រធានាធិបតីថ្មីរបស់អាមេរិក។
ក្រុមអ្នកអ្នកជំនាញបានឲ្យដឹង នៅក្នុងរបាយការណ៍មួយថា“ ឱកាសគឺខ្ពស់ណាស់ ដែលកូរ៉េខាងជើង នឹងចាត់វិធានការផ្សះផ្សា មួយជាមួយកូរ៉េខាងត្បូង ក្នុងមធ្យោបាយមួយ ដែលប្រើប្រាស់វាយ៉ាងសកម្ម រហូតដល់រដ្ឋាភិបាលអាមេរិកថ្មី កំណត់គោលនយោបាយ លើកូរ៉េខាងជើង” ៕
ដោយ ឈូក បូរ៉ា