បរទេស៖តំណាងរដ្ឋាភិបាលអាហ្វហ្គានីស្ថាន និងពួកតាលីបង់ នៅថ្ងៃពុធនេះ បាននិយាយប្រាប់ថា ពួកគេបានសម្រេចកិច្ចព្រមព្រៀងបឋមមួយ ឈានទៅរកកិច្ចពិភាក្សាសន្តិភាព ហើយនេះ គឺជាកិច្ចព្រមព្រៀងលាយល័ក្ខអក្សរដំបូង របស់ពួកគេ នៅក្នុងសង្គ្រាមរយៈពេល១៩ឆ្នាំកន្លងមកនេះ។
កិច្ចព្រមព្រៀង ដែលស្របពេលមានការដាក់ចេញនូវគំរូសម្រាប់ កិច្ចពិភាក្សាគ្នាបន្ថែមទៀតនេះ ត្រូវបានគេចាត់ទុកថា ជាព្រឹត្តិការណ៍ដ៏ធំមួយ ព្រោះវានឹងអនុញ្ញាតឲ្យមន្ត្រីចរចានានា បន្តដំណើរឆ្ពោះទៅរកការដោះស្រាយបញ្ហាសំខាន់បន្ថែមទៀត ដែលរួមបញ្ចូលទាំងកិច្ចពិភាក្សាស្តីពីបទឈប់បាញ់គ្នាផងដែរ។
លោក Nader Nadery ជាសមាជិកមួយរូបរបស់ក្រុមចរចា របស់រដ្ឋាភិបាលអាហ្វហ្គានីស្ថាន បាននិយាយប្រាប់សារព័ត៌មានថា “ដំណើរការ ដែលរួមបញ្ចូលទាំងបុព្វកថានៃកិច្ចចរចារបស់វានេះ ត្រូវបានសម្រេចចប់សព្វគ្រប់ ហើយចាប់ពីពេល បច្ចុប្បន្ននេះទៅ កិច្ចចរចាគ្នានឹងចាប់ផ្តើមតាមរបៀបវារៈ”៕
ប្រែសម្រួល៖ប៉ាង កុង