ព័ត៌មានអន្តរជាតិ

រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ អះអាងថា មិនបានរកឃើញ ពីការលួចបន្លំសន្លឹកឆ្នោតណាមួយ ក្រោយពីលោកត្រាំ ចោទថា ក្រសួងយុត្តិធម៌ និង F.B.I. អាចដើរតួក្នុងការលួចបន្លំ

បរទេស៖ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌អាមេរិក លោក William P. Barr បាននិយាយកាលពីថ្ងៃអង្គារថា ក្រសួងយុត្តិធម៌ មិនបានរកឃើញ ការលួចបន្លំសន្លឹកឆ្នោតក្នុងកំរិតមួយ ដែលអាចប៉ះពាល់ដល់លទ្ធផល នៃការបោះឆ្នោតប្រធានាធិបតីឡើយ ដែលការអះអាងនេះ បានបញ្ជាក់ជាថ្មី នូវជ័យជម្នះរបស់លោក ចូ បៃដិន ទោះបីជាការអះអាង គ្មានមូលដ្ឋាន របស់ប្រធានាធិបតី ដូណាល់ ត្រាំ ថាលោកត្រូវបានគេ បោកប្រាស់ក៏ដោយ។

យោងតាមសារព័ត៌មាន The New York Times ចេញផ្សាយនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា ការអត្ថាធិប្បាយរបស់លោក Barr នៅក្នុងបទសម្ភាសន៍ ជាមួយសារព័ត៌មាន Associated Press គឺជាការបដិសេធដ៏លេចធ្លោ នៃការអះអាងគ្មានមូលដ្ឋាន របស់លោក ត្រាំ ហើយបានកើតឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីលោកប្រធានាធិបតី បានបញ្ជាក់ថា ក្រសួងយុត្តិធម៌ និង F.B.I. អាចដើរតួ ក្នុងការលួចបន្លំសន្លឹកឆ្នោត។

លោក William P. Barr បន្ថែមថា « រហូតមកដល់ពេលនេះ យើងមិនបានឃើញការបន្លំក្នុងកម្រិតមួយ ដែលអាចធ្វើឱ្យលទ្ធផលប្រែប្រួល នៅក្នុងការបោះឆ្នោតនេះទេ»៕ ប្រែសម្រួលៈ ណៃ តុលា

To Top