បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា ប្រធានាធិបតីបារាំងលោក Emmanel Macron ព្រមទាំងសមភាគី លោកប្រធានាធិបតីអ៊ឺរ៉ាក់ Barham Salih បានធ្វើការអំពាវនាវរួមគ្នា ឲ្យមានការបន្តកិច្ចខិតខំនៃអន្តរជាតិ ជាពិសេសទៅលើ ប្រយុទ្ធប្រឆាំងនឹងសកម្មភាពភេវរកម្ម នៅក្នុងតំបន់។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានធ្វើឡើង ដោយការិយាល័យសារព័ត៌មាន នៃប្រធានាធិបតីអ៊ឺរ៉ាក់ បានបញ្ជាក់ដែរថា លោក Salih និងលោក Macron បានធ្វើការពិភាក្សាគ្នា តាមរយៈទូរស័ព្ទ ទៅលើប្រធានបទជាច្រើន ដែលរួមមានទាំងទំនាក់ទំនងទ្វេភាគី និងកិច្ចព្រមព្រៀង ដែលធ្លាប់បានធ្វើឡើង ដោយភាគីទាំងពីរកន្លងមក។
សេចក្តីថ្លែងការណ៍ដដែល បានបន្តទៀតថា ប្រធានាធិបតីទាំងពីរ ក៏បានពិនិត្យឡើងវិញ នូវការវិវឌ្ឍន៍ក្នុងតំបន់ និងបានសង្កត់ធ្ងន់លើសារសំខាន់ នៃការសង្កេតភាពស្ងប់ស្ងាត់ និងការអត់ធ្មត់ ដើម្បីធ្វើការយ៉ាងណា ការពារស្ថេរភាពក្នុងតំបន់ និងដើម្បីជៀសវាងភាពតានតឹង ហើយពង្រឹងសន្តិសុខ ក្នុងតំបន់ឡើងវិញ៕
ប្រែសម្រួល៖ស៊ុនលី