បរទេស៖ បុគ្គលិកបរទេស ដែលនៅសេសសល់ ចុងក្រោយនៃ គណៈកម្មាធិការអន្តជាតិរបស់កាកបាទក្រហម តាមសេចក្តីរាយការណ៍ បានចាកចេញពីប្រទេសកូរ៉េខាងជើង ហើយនេះគឺជាការ ចាកចេញក្នុងចំនួនច្រើនរួមគ្នា របស់ជនបរទេស ស្របពេលមានការបិទមិនឲ្យធ្វើដំណើរ ដើម្បីទប់ស្កាត់មេរោគកូរ៉ូណា។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ អនុប្រធានគណៈប្រតិភូទទួលបន្ទុកកិច្ចការអាស៊ីបូព៌ារបស់កាកបាទក្រហមអន្តរជាតិ លោកស្រី Graziella Leite Piccoli បានមានប្រសាសន៍ថា បុគ្គលិកកាកបាទក្រហមអន្តរជាតិ បានចាកចេញពីទីក្រុងព្យុងយ៉ាង កាលពីថ្ងៃពុធម្សិលមិញនេះ ហើយការងារដែលកំពុងតែប្រព្រឹត្តទៅនៅទីនោះរបស់អង្គការ នឹងត្រូវគ្រប់គ្រងដោយគណៈប្រតិភូនៅទីក្រុងប៉េកាំង។
គួរបញ្ជាក់ថា ប្រទេសកូរ៉េខាងជើង បានអះអាងថា គ្មានករណីឆ្លងមេរោគកូរ៉ូណានោះទេ ប៉ុន្តែរដ្ឋាភិបាលនៃប្រទេសនេះ បានដាក់វិធានការតឹងរឹង ដែលក្នុងករណីខ្លះ ហួសពីការគ្រប់គ្រងដែលមានស្រាប់ នៅក្នុងប្រទេសឯកោទំាងផ្នែក នយោបាយនិងសេដ្ឋកិច្ចនេះ៕ ប្រែសម្រួល៖ប៉ាង កុង