ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ត្រៀមខ្លួនរួចរាល់ សម្រាប់ការដោះដូរ អ្នកទោសបន្ថែមទៀត និងជំរុញអាមេរិក ឲ្យវិលមកកិច្ចព្រមព្រៀងនុយក្លេអ៊ែវិញ

បរទេស៖ រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ លោក Mohammad Javad Zarif បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសអ៊ីរ៉ង់បានត្រៀមខ្លួនរួចរាល់ ដើម្បីចូលរួម ក្នុងការដោះដូរអ្នកទោសគ្នាបន្ថែមទៀត ក្រោយការដោះដូរគ្នា នូវបញ្ញវ័ន្តអង់គ្លេស-អូស្ត្រាលីមួយរូប ជាមួយជនជាតិអ៊ីរ៉ង់៣រូប ដែលជាប់ឃុំនៅបរទេស។

លោក Mohammad Javad Zarif តាមសេចក្តីរាយការណ៍ បានប្រាប់សន្និសីទមន្ត្រីការទូតអ៊ីរ៉ង់មួយ តាមវីដេអូខលដូច្នេះថា “យើងតែងតែអាចចូលរួមនៅក្នុងរឿងនោះ វាស្ថិតនៅក្នុងចំណាប់អារម្មណ៍ របស់មនុស្សគ្រប់គ្នា។ ប្រទេសអ៊ីរ៉ង់ ត្រៀមខ្លួនរួចរាល់ជាស្រេច ដើម្បីធ្វើបដិការៈ គឺយើងអាចនឹងធ្វើវានៅថ្ងៃស្អែក ហើយយើងក៏អាចធ្វើវានៅថ្ងៃនេះផងដែរ”។

ក្រៅពីនេះ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ក៏បានជំរុញសហរដ្ឋអាមេរិក ឲ្យបង្ហាញសុឆន្ទៈ តាមរយៈការវិលត្រឡប់ ចូលកិច្ចព្រមព្រៀងនុយក្លេអ៊ែឆ្នាំ២០១៥ ដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ បានដកអាមេរិកចេញ ហើយលោកបាននិយាយថា ប្រសិនបើអាមេរិកគោរព តាមការប្ដេជ្ញាពីមុនរបស់ខ្លួននោះ ទីក្រុងតេអេរ៉ង់នឹងបង្ហាញ ឲ្យឃើញនូវការអនុវត្តតាមទាំងស្រុង នូវកិច្ចព្រមព្រៀងនោះ៕ ប្រែសម្រួល៖ប៉ាង កុង

To Top