បរទេស៖ មនុស្សរាប់រយនាក់ដែលបាន ទៅលេងកន្លែងកំសាន្តចំនួនពីរ ដែលនៅខេត្តភាគខាងជើង ប្រទេសថៃ នាំគ្នាប្រញាប់ប្រញាល់ទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើតេស្តរកវីរុសកូវីដ១៩ បន្ទាប់ពីបានដឹងថា អ្នកដែលឆ្លងមេរោគនេះម្នាក់ បានទៅកន្លែងទាំងនោះដែរ ក្នុងកំឡុងពេលដូចគ្នានោះ។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា ចាប់តាំងពីល្ងាចថ្ងៃពុធមក អ្នកទេសចរប្រហែលជា ៥០០ នាក់បានមកលេងបារឈ្មោះ Bird Bar និងបារ Crocodile Rock Pub នៅក្នុងស្រុកមឿង បាននាំគ្នាទៅមន្ទីរពេទ្យដើម្បីធ្វើតេស្តរកវីរុស។ ពួកគេបានទៅកន្លែងទាំងពីរក្នុងកំឡុងថ្ងៃទី ២៨-៣០ ខែវិច្ឆិកាជាអំឡុងពេលដែលអ្នកខេត្ត Phichit មានផ្ទុកវីរុសកូវីដ១៩ ដែលបានលួចត្រឡប់ពីទីប្រជុំជនព្រំដែន Tachileik នៃប្រទេសមីយ៉ាន់ម៉ា។
ការប្រញាប់ប្រញាល់ មកធ្វើតេស្តរកវីរុសនេះ បានធ្វើឡើងបន្ទាប់ពីមានការ ប្រកាសអំពីករណីឆ្លងវីរុសកូវីដ១៩ នៅក្នុងខេត្ត Phichit កាលពីថ្ងៃពុធ។
បុគ្គលិកនៃមន្ទីរពេទ្យខេត្ត Phichit ត្រូវបានកេណ្ឌប្រមូលដើម្បី ដឹកនាំសម្រាប់ការធ្វើតេស្ត និងប្រមូលព័ត៌មានពីមនុស្ស ដែលមានហានិភ័យ ៕
ប្រែសម្រួលៈ ណៃ តុលា