Covid-19

ក្រសួងសុខាភិបាលថៃ៖ ប្រជាជន ១៣លាននាក់ នឹងទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ១៩ ដោយមិនគិតថ្លៃ នៅពាក់កណ្តាលឆ្នាំ២០២១

បរទេស៖ ក្រសួងសុខាភិបាលប្រទេសថៃ បានឱ្យដឹងថា ប្រជាជនថៃចំនួន ១៣ លាននាក់នឹងត្រូវបានចាក់វ៉ាក់សាំងដើម្បីការពារជំងឺ កូវីដ-១៩ ដោយមិនគិតថ្លៃ នៅពាក់កណ្តាលឆ្នាំ ២០២១ ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា លេខាធិការអចិន្ត្រៃយ៍នៃ ក្រសួងសុខាភិបាលសាធារណៈថៃ លោក Kiattiphum Wongrajit បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា លោកនាយករដ្ឋមន្រ្តីប្រាយុទ្ធ ចាន់អូចា បានបញ្ជាទិញជាមុននូវវ៉ាក់សាំងការពារជំងឺកូវីដ១៩ ចំនួន ២៦ លានដូសពីក្រុមហ៊ុន AstraZeneca ដើម្បីផ្តល់ឱ្យប្រជាជនថៃចំនួន ១៣ លាននាក់ ឬពាក់កណ្តាលនៃប្រជាជនថៃទាំងអស់ សម្រាប់ពាក់កណ្តាលឆ្នាំក្រោយ។

លោកបានបន្ថែមទៀតថា វ៉ាក់សាំងដែលផ្តល់ដោយរដ្ឋាភិបាល ភាគច្រើននឹងមិនត្រូវបានគិតថ្លៃនោះទេ ប៉ុន្តែថ្នាំមួយចំនួនដែលលក់ ដោយអ្នកផ្គត់ផ្គង់ឯកជន អាចចំណាយថវិកាមួយចំនួន។

វ៉ាក់សាំងទាំងអស់នឹងត្រូវបានចុះបញ្ជី និងត្រួតពិនិត្យដោយ នាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្រ ដើម្បីធ្វើតេស្តសុវត្ថិភាពរបស់ពួកគេ។

លោក Opas Karnkawinpong អគ្គនាយកស្តីទីនៃ នាយកដ្ឋានប្រយុទ្ធនឹងជំងឺ បាននិយាយថា មន្ទីរពេទ្យជាង ១០ ០០០ កន្លែង នឹងជួយក្នុងការចាក់វ៉ាក់សាំង នៅទូទាំងប្រទេស ខណៈក្រុមបឋមដើម្បីទទួល ការចាក់ថ្នាំត្រូវបានកំណត់ តាមការសំរេចចិត្តរបស់គ្រូពេទ្យ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top