បរទេស៖មន្ត្រីនាំពាក្យជាន់ខ្ពស់រដ្ឋាភិបាលជប៉ុន លោក Katsunobu Kato បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសជប៉ុនមានក្តីព្រួយបារម្ភខ្លាំងក្លា ចំពោះការដាក់ពន្ធនាគារសកម្មជនហុងកុង៣រូប និងបានបង្ហាញនូវក្តីព្រួយបារម្ភរបស់ខ្លួនដល់ចិនជុំវិញស្ថានភាពនេះ។
នៅក្នុងសន្និសីទកាសែតតាមប្រក្រតីមួយ លោក Katsunobu Kato បានមានប្រសាសន៍យ៉ាងដូច្នេះថា “ប្រទេសជប៉ុន កាន់តែមានក្តីព្រួយបារម្ភធ្ងន់ធ្ងរខ្លាំងឡើង ស្តីពីស្ថានភាពហុងកុងថ្មីៗនេះ ដូចជាការកាត់ទោសលើសកម្មជន៣រូប រួមមានទាំងលោក Agnes Chow ផង”។
គួរបញ្ជាក់ថា នៅថ្ងៃពុធម្សិលមិញនេះ អាជ្ញាធរហុងកុង បានកាត់ទោសសកម្មជនលទ្ធិប្រជាធិប្បតេយ្យដ៏ល្បីនានា ឲ្យជាប់ពន្ធនាគាររហូតដល់ទៅ១៣ខែ ជុំវិញរឿងដង្ហែក្បួនប្រឆាំងរដ្ឋាភិបាលដោយខុសច្បាប់ កាលពីក្នុងឆ្នាំ២០១៩ ហើយនេះគឺជាការដាក់ទោសដ៏តានតឹងបំផុត សម្រាប់ឥស្សរជនប្រឆាំង នៅក្នុងឆ្នាំនេះ៕ប្រែសម្រួល៖ប៉ាង កុង