ព័ត៌មានអន្តរជាតិ

កញ្ចប់ថវិកាការពារជាតិ កូរ៉េខាងត្បូង កើនឡើង ៥,៤ភាគរយ រហូតដល់ ៤៨ពាន់លានដុល្លារនៅឆ្នាំ២០២១

សេអ៊ូល៖ ក្រសួងការពារជាតិ បានឲ្យដឹងនៅថ្ងៃពុធម្សិលមិញនេះថា ថវិកាការពារជាតិរបស់កូរ៉េខាងត្បូង សម្រាប់ឆ្នាំក្រោយនេះ បានកើនឡើង ៥,៤ ភាគរយ ខណៈដែលប្រទេសនេះ ព្យាយាមបង្កើនសមត្ថភាព ការពារជាតិរបស់ខ្លួន ចំពេលមានភាពមិនប្រាកដប្រជាផ្នែកសន្តិសុខ កើនឡើងនិងបញ្ហាប្រឈមនានា ដូចជាជំងឺឆ្លងជាដើម។

យោងតាមផែនការថវិកា ដែលរដ្ឋសភាបានអនុម័ត ការចំណាយខាងយោធា សម្រាប់ឆ្នាំ ២០២១ ត្រូវបានកំណត់ចំនួន ៥២,៨ ពាន់ពាន់លានវ៉ុន (៤៨ ពាន់លានដុល្លារ) ពោលគឺកើនឡើងពី ៥០,១៥ ពាន់ពាន់លានវ៉ុន នៅឆ្នាំ២០២០នេះ។

មន្ត្រីរដ្ឋាភិបាលបានឲ្យដឹងថា ចំនួនទឹកប្រាក់ដែលត្រូវបានយល់ព្រម គឺទាបជាងចំនួន ៥២,៩ ទ្រីលានវ៉ុន ដែលក្រសួងបានស្នើសុំ ព្រោះផែនការមួយចំនួន សម្រាប់ការផ្គត់ផ្គង់អាវុធ ត្រូវបានពន្យារពេល ហើយថវិការបស់ពួកគេ បានធ្លាក់ចុះពីសំណើដើម។

ជាសរុបរដ្ឋាភិបាលនឹងចំណាយ ១៧ ទ្រីលានវ៉ុន លើការទិញសព្វាវុធ និងគម្រោងដទៃទៀត ដើម្បីបង្កើនសមត្ថភាពការពារជាតិ ពោលគឺកើនឡើង ១,៩ ភាគរយ ពីឆ្នាំ២០២០៕

ដោយ ឈូក បូរ៉ា

To Top