សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ នៅថ្ងៃសៅរ៍នេះឲ្យដឹងថា ប្រទេសកូរ៉េខាងជើង នឹងកោះប្រជុំសភាប្រជាជនជាន់ខ្ពស់ SPA នៅចុងខែមករា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់។
SPA ជាធម្មតាជួបគ្នាម្តងក្នុងមួយឆ្នាំក្នុងខែមេសា ដើម្បីធ្វើការសម្រេចចិត្តបោះត្រាកៅស៊ូ ដោយគណបក្សពលករ ដែលកំពុងកាន់អំណាច។ កូរ៉េខាងជើង ក៏បានប្រើវគ្គ SPA ជាវេទិកាធំមួយដើម្បីបង្ហាញ អំពីការផ្លាស់ប្តូរគោលនយោបាយឬសារគោលនយោបាយសំខាន់ៗរបស់ខ្លួនផងដែរ។
ទីភ្នាក់ងារព័ត៌មានផ្លូវការកណ្តាលកូរ៉េ (KCNA) បានឲ្យដឹងថា“ សម័យប្រជុំលើកទី៤ នៃសភាប្រជាជនជាន់ខ្ពស់លើកទី១៤ (SPA) នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ នឹងត្រូវកោះប្រជុំនៅទីក្រុងព្យុងយ៉ាង នៅចុងខែមករានេះ” ។
KCNA បានបន្ថែមទៀតថា ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំពេញអង្គនៃគណៈប្រធាននៃ SPA កាលពីថ្ងៃសុក្រ។ កិច្ចប្រជុំ SPA ត្រូវបានគេរំពឹងថា នឹងកើតឡើងបន្ទាប់ពីកូរ៉េខាងជើង រៀបចំសមាជគណបក្សដ៏កម្រមួយនៅដើមខែមករា ជាលើកដំបូងក្នុងរយៈពេល ៤ ឆ្នាំ៕
ដោយ ឈូក បូរ៉ា