ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង នឹងពិចារណា ដាក់ការរឹតបន្តឹងថ្មី ស្របពេលករណី ជម្ងឺកូវីដ១៩ កើនឡើងខ្ពស់

បរទេស៖ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃអាទិត្យនេះ បានរាយការណ៍ករណីមេរោគកូរ៉ូណាថ្មីចំនួន៦៣១ ដែលជាការកើនឡើងដ៏ខ្ពស់បំផុតក្នុងរយៈពេល៩ខែ នៅមុនពេលការសម្រេចចិត្តរបស់រដ្ឋាភិបាលដែលគេរំពឹងទុក ថាតើត្រូវរឹតបន្តឹងបន្ថែមនូវគោលការណ៍គម្លាតទំនាក់ទំនងសង្គមទៀតឬយ៉ាងណា ស្របពេលដែលអាជ្ញាធរសុខាភិបាល ប្រឹងប្រែងទប់ស្កាត់រលក់ទី៣នៃការផ្ទុះឆ្លង។

ក្រោយការអនុវត្តរឹតបន្តឹងកាន់តែខ្លាំងឡើង នៅថ្ងៃសៅរ៍ម្សិលមិញនេះ រដ្ឋាភិបាលកូរ៉េខាងត្បូង តាមសេចក្តីរាយការណ៍ នឹងធ្វើការសម្រេចចិត្តនៅថ្ងៃអាទិត្យនេះ ថាត្រូវដាក់វិធានការថ្មីក្នុងប្រទេស ដែលធ្លាប់ឃើញជោគជ័យពីមុន តាមរយៈការតាមដានយ៉ាងខ្លាំងក្លាលើការទាក់ទងគ្នា និងវិធានការដទៃផ្សេងទៀត។

គួរបញ្ជាក់ថា តាមការចេញផ្សាយមួយរបស់ទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា ទីភ្នាក់ងារគ្រប់គ្រងនិងទប់ស្កាត់ជម្ងឺកូរ៉េ បានរាយការណ៍ថា ករណីឆ្លងមេរោគកូរ៉ូណាថ្មីនេះ បានធ្វើឲ្យចំនួនករណីសរុបរបស់ប្រទេសកូរ៉េខាងត្បូង ឡើងដល់៣៧.៥៤៦ករណី ដោយមានអ្នកស្លាប់ចំនួន៥៤៥នាក់៕ប្រែសម្រួល៖ប៉ាង កុង

To Top