បរទេស៖រដ្ឋមន្ត្រីមួយរូបរបស់ប្រទេសបារាំង បាននិយាយថា សហភាពអឺរ៉ុបនឹងដកប្រទេសប៉ូឡូញនិងហុងគ្រី ចេញពីគម្រោងជំនួយសង្គ្រោះសេដ្ឋកិច្ចរបស់ខ្លួន ប្រសិនបើប្រទេសទាំងពីរនេះ នៅតែបន្តប្រឆាំងកិច្ចប្រឹងប្រែងផ្សារ ភ្ជាប់ការផ្តល់មូលនិធិចំនួន១,៨ពាន់ពាន់លានអឺរ៉ូ ជាមួយនឹងការអនុវត្តបទបញ្ញត្តិច្បាប់នោះ។
យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអឺរ៉ុប លោក Clement Beaune បានមានប្រសាសន៍ថា ទង្វើបែបនេះ គឺមានភាពស្មុក្រស្មាញតាមផ្លូវច្បាប់ តែជារឿងអាចទៅរួច។
លោក Clement Beaune បាននិយាយប្រាប់កាសែត Journal du Dimanche បន្តទៀតដូច្នេះថា “គោលជំហររបស់យើង មានភាពច្បាស់លាស់ គឺយើងនឹងមិនលះបង់ជំនួយសង្គ្រោះ ឬក៏ក្រឹតក្រមនៃច្បាប់ទាំងពីរនោះណាមួយនោះទេ ហើយមិនមានមន្ទិលសង្ស័យណាមួយ ត្រូវពិនិត្យឡើងវិញលើយន្តការ ដែលផ្សារភ្ជាប់ទំនាក់ទំនងគ្នាទាំងពីរនោះ”៕ប្រែសម្រួល៖ប៉ាង កុង