ព័ត៌មានអន្តរជាតិ

ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីសុខាភិបាល របស់ថៃថា គ្មានការបិទប្រទេសនោះទេ

បរទេស៖ លោក Anutin Charnvirakul ឧបនាយករដ្ឋមន្រ្តីបាននិយាយ នៅថ្ងៃអាទិត្យថា ការឆ្លងជំងឺកូវីដ១៩ ក្នុងចំណោមប្រជាជនថៃ ដែលត្រឡប់មកពីទីប្រជុំជនខេត្ត Tachileik ជាប់ព្រំដែនជាមួយប្រទេសមីយ៉ាន់ម៉ា គឺនឹងមិនបង្កឱ្យមានរលកថ្មី នៃវីរុសថ្មីនេះនៅក្នុងប្រទេសថៃនោះទេ ហើយក៏មិនបណ្តាលឱ្យមាន ការបិទប្រទេសនោះដែរ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា លោក Anutin ដែលជារដ្ឋមន្រ្តីក្រសួងសុខាភិបាលសាធារណៈ ផងដែរនោះបាននិយាយថា ទោះបីមានការឆ្លងមេរោគកូវីដ១៩ ត្រូវបានគេរកឃើញនៅខេត្តភាគខាងជើង មួយចំនួនដូចជាឈៀងម៉ៃ ឈៀងរ៉ៃ និង ផៃយ៉ៅ គឺទាំងនោះសុទ្ធតែឆ្លងពី ប្រភពតែមួយនៅប្រទេសមីយ៉ាន់ម៉ា។

លោកបានទទូចថា ជាលទ្ធផល, រលកចម្លងវីរុសទី ២ មិនបានកើតឡើងនោះទេ ហើយរដ្ឋាភិបាលក៏មិនចាំបាច់អនុវត្ត វិធានការចាក់សោរប្រទេស (បិទប្រទេស) នោះដែរ។

លោកឧបនាយករដ្ឋមន្រ្តី Anutin បាននិយាយថា ក្រសួងបានប៉ុនប៉ងធ្វើមាតុភូមិនិវត្តន៍ ជនជាតិថៃបន្ថែមទៀតពីប្រទេសមីយ៉ាន់ម៉ា ហើយនៅពេលមកដល់ប្រទេសវិញ ពួកគេទាំងអស់ត្រូវបានគេ យកទៅធ្វើតេស្តរកមេរោគ។ ក្រសួងការបរទេសក៏កំពុងជួយ ក្នុងការវិលត្រឡប់របស់ពួកគេ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top