វ៉ាស៊ីនតោន៖ ប្រធានាធិបតីជិតផុតអាណត្តិអាមេរិក លោកដូណាល់ត្រាំ បានអះអាងជាថ្មីនូវការលួចបន្លំសន្លឹកឆ្នោត ក្នុងអំឡុងពេលនៃការជួបជុំមួយ កាលពីថ្ងៃសៅរ៍នៅទីក្រុង Valdosta រដ្ឋ Georgia ដោយលោកអះអាងថា លោកបានឈ្នះការបោះឆ្នោត ប្រធានាធិបតីនៅថ្ងៃទី ៣ ខែវិច្ឆិកាដោយសំឡេងដ៏ច្រើន។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា លោក ដូណាល់ ត្រាំ បាននិយាយទៅកាន់អ្នកគាំទ្រ របស់លោកកាលពីថ្ងៃសៅរ៍ថា «យើងបានឈ្នះនៅរដ្ឋ Georgia ហើយយើងបានឈ្នះរដ្ឋ Florida ហើយយើងបានឈ្នះកន្លែងជាច្រើន យើងបានឈ្នះ Ohio ហើយយើងឈ្នះការបោះឆ្នោតនេះ។ អ្វីដែលខ្ញុំអាចធ្វើបានគឺយុទ្ធនាការនិងរង់ចាំចំនួន »។
លោក ត្រាំ បានអះអាងថា លោកទទួលបានសំឡេងគាំទ្រជាង ៧៤ លានសន្លឹក ក្នុងអំឡុងពេលបោះឆ្នោតខែវិច្ឆិកា ដែលតាមការបញ្ជាក់របស់លោក គឺច្រើនគ្រប់គ្រាន់ដើម្បីទទួលបានជ័យជម្នះ ដោយបង្ហាញថា ចំនួន“ អាចនឹងខ្ពស់ជាងនេះ” ប្រសិនបើគណបក្សប្រជាធិបតេយ្យ មិនបានស្វះស្វែងដើម្បី «រំខាន ឬប៉ះពាល់ដល់ចំនួនសន្លឹកឆ្នោត»។
ប្រធានាធិបតីអាមេរិក ជិតផុតអាណត្តិរូបនេះ ក៏បានចោទប្រកាន់ម្តងហើយម្តងទៀតថា ក្រុមអ្នកប្រជាធិបតេយ្យបានបោកបញ្ឆោត និងក្លែងបន្លំការបោះឆ្នោត ប្រធានាធិបតីនេះ ៕
ប្រែសម្រួលៈ ណៃ តុលា