បរទេស៖ ក្រុមការងារថ្នាក់ជាតិ សម្រាប់ការការពារ និងគ្រប់គ្រងជំងឺកូវីដ១៩ បានប្រកាសថា ប្រទេសឡាវបានបញ្ជាក់ពី ករណីឆ្លងថ្មីជំងឺកូវីដ១៩ ចំនួន២ករណីទៀត។
យោងតាមសារព័ត៌មាន Laotian Times ចេញផ្សាយនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា អ្នកឆ្លងវីរុសថ្មីនោះ គឺមានបុរសជនជាតិរុស្ស៊ីអាយុ ៦៥ ឆ្នាំនិងនិស្សិតឡាវអាយុ ១៩ ឆ្នាំ ទាំងពីរនាក់ត្រូវបានធ្វើតេស្តិ៍វិជ្ជមានចំពោះវីរុសកូវីដ១៩ ខណៈពេលដែលកំពុងធ្វើចត្តាឡីស័ក នៅទីក្រុងវៀងចន្ទន៍។ មិនមានករណីណាមួយបង្ហាញរោគសញ្ញាឡើយ មុនពេលធ្វើតេស្ត។
បច្ចុប្បន្នបុគ្គលទាំងពីរនាក់នេះ កំពុងទទួលការព្យាបាល នៅមន្ទីរពេទ្យមិត្តភាព នៅទីក្រុងវៀងចន្ទន៍។
បច្ចុប្បន្នប្រទេសឡាវ មានករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ៤១ ករណី ក្នុងនោះមានអ្នកជំងឺចំនួន ១៧នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
យោងតាមរបាយការណ៍របស់កាសែត Vientiane Times ប្រទេសឡាវបានចូលរួម ប្រជុំជាមួយអង្គការសហប្រជាជាតិ នៅញូវយ៉ក ដើម្បីពិភាក្សាអំពីដំណោះស្រាយ ចំពោះការរីករាលដាលនៃជំងឺនេះ។
នាយករដ្ឋមន្រ្តីឡាវលោក ថងលូន ស៊ីស៊ូលីត បាននិយាយថា ប្រទេសឡាវបានរក្សានូវវិធានការ តឹងរឹងសម្រាប់ការការពារ និងការត្រួតពិនិត្យវីរុសរាតត្បាតនេះ។ ទោះបីជាចំនួនអ្នកជំងឺកូវីដ១៩កើនឡើងក៏ដោយ ប៉ុន្តែឡាវគ្មានអ្នកជំងឺកូវីដ១៩ ណាម្នាក់ ស្លាប់ឡើយ៕
ប្រែសម្រួលៈ ណៃ តុលា