បរទេស៖ ឧត្តមសេនីយ៍ Nattaphon Narkphanit ប្រធានមជ្ឈមណ្ឌលសម្រាប់ គ្រប់គ្រងស្ថានការណ៍ជំងឺកូវីដ១៩ (CCSA) បាននិយាយថា ទោះបីជាមានករណី ឆ្លងក្នុងសហគមន៍ចំនួន ៣ ករណីក៏ដោយ ក៏សកម្មភាពរាប់ថយក្រោយ ឬ countdown នៃពិធីចូលឆ្នាំថ្មី អាចត្រូវបានធ្វើឡើង ដរាបណាពួកគេប្រព្រឹត្តទៅក្រោម ស្តង់ដារសុវត្ថិភាពសុខភាព ។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាម ការលើកឡើងរបស់លោក Nattaphon Narkphanit ថា គណៈកម្មាធិការនឹងពិភាក្សា ជាមួយក្រសួងការបរទេសនៅថ្ងៃច័ន្ទ ដើម្បីបន្ធូរបន្ថយការរឹតត្បិតលើជនបរទេស ដែលចូលក្នុងប្រទេស រួមទាំងការរៀបចំទិដ្ឋាការសម្រាប់ការធ្វើដំណើរ ទោះបីជាសុវត្ថិភាពសុខភាពសាធារណៈ នៅតែជាក្តីបារម្ភចំបងក៏ដោយ។
លោកឧត្តមសេនីយ៍ Nattaphon ដែលជាអគ្គលេខាធិការ ក្រុមប្រឹក្សាសន្តិសុខជាតិផងដែរនោះ បានបន្តថា សកម្មភាពចូលឆ្នាំថ្មីរួមទាំង countdowns អាចត្រូវបានធ្វើឡើងក្រោម វិធានការសុខភាពតឹងរឹង ដើម្បីគ្រប់គ្រងការរីករាលដាលនៃ វីរុសកូវីដ១៩។
អ្នកនាំពាក្យរងរដ្ឋាភិបាលលោកស្រី Traisuree Taisaranakul ក៏បាននិយាយផងដែរថា នាយករដ្ឋមន្រ្តីលោក ប្រាយុទ្ធ ចាន់អូចា បានណែនាំទីភ្នាក់ងាររដ្ឋនានា ឱ្យបង្កើនការប្រុងប្រយ័ត្នប្រឆាំងនឹងវីរុស ជាពិសេសនៅខេត្តភាគខាងជើងឈៀងម៉ៃ និងឈៀងរ៉ៃ បន្ទាប់ពីមានករណីឆ្លងថ្មី ពាក់ព័ន្ធនឹងជនជាតិថៃដែលលួចយកមកវិញ ឆ្លងកាត់ព្រំដែនពីទីប្រជុំជន Tachileik របស់មីយ៉ាន់ម៉ា៕
ប្រែសម្រួលៈ ណៃ តុលា