បរទេស៖កាសែត Sankei បានរាយការណ៍នៅថ្ងៃអាទិត្យនេះថា ប្រទេសជប៉ុន បារាំង និងសហរដ្ឋអាមេរិក នឹងប្រារព្ធធ្វើសហសមយុទ្ធយោធា លើគោកនិងសមុទ្រ សម្រាប់ជាលើកដំបូង នៅក្នុងខែឧសភាឆ្នាំក្រោយ ស្របពេលដែលយោធាចិន បង្កើនសកម្មភាពនៅក្នុងតំបន់។
សមយុទ្ធដែលធ្វើឡើង នៅលើកោះមួយ ក្នុងចំណោមកោះហាមឃាត់ របស់ប្រទេសជប៉ុននេះ នឹងផ្តោតសំខាន់ លើការផ្តល់កិច្ចប្រឹងប្រែងជួយសង្គ្រោះ នៅក្នុងអំឡុងពេលមានគ្រោះមហន្តរាយ ប៉ុន្តែផ្នែកខ្លះ ក៏អាចបង្កើនតមូលដ្ឋាន សម្រាប់កិច្ចការពារ ប្រឆាំងការវាយប្រហារផងដែរ។
នៅក្នុងបទសម្ភាសន៍មួយ លោកឧត្តមនាវី Pierre Vandier ជាប្រធានផ្នែកបុគ្គលិក របស់កងទ័ពជើងទឹកបារាំង បាននិយាយប្រាប់កាសែត Sankei ដូច្នេះថា “យើងចង់បង្ហាញវត្តមាន របស់យើងដល់តំបន់ និងផ្ញើសារមួយ ស្តីពីសហប្រតិបត្តិការជប៉ុន-បារាំង។ នេះជាសារ ដែលមានគោលដៅលើប្រទេសចិន គឺនេះជាសារមួយ ស្តីពីភាពជាដៃគូពហុភាគី និងសេរីភាពនាវាចរណ៍”៕ ប្រែសម្រួល៖ប៉ាង កុង