ព័ត៌មានអន្តរជាតិ

ចិន កំពុងតែកសាងភូមិ នៅជិតព្រំដែនមានជម្លោះ ជាមួយឥណ្ឌា

បរទេស៖ យោងតាមបណ្ដាញព័ត៌មានមួយ នៅក្នុងប្រទេសឥណ្ឌា បានឲ្យដឹងថា ប្រទេសចិនកំពុងតែកសាងភូមិនានា នៅជិតព្រំដែនមានជម្លោះជាមួយឥណ្ឌា ក្រោយត្រឹមតែប៉ុន្មានខែ បន្ទាប់ពីមានការប្រយុទ្ធគ្នា បណ្ដាលឲ្យមានមនុស្សស្លាប់ នៅជ្រលងភ្នំ Galwan រវាងយោធារបស់ប្រទេសទាំងពីរ។

ទីភ្នាក់ងារសារព័ត៌មាន NDTV បានរាយការណ៍ថា រូបភាពថ្មីពីផ្កាយរណបបង្ហាញថា ប្រទេសចិនបានបង្កើតភូមិតិចបំផុតចំនួន៣ និងបានជម្លៀសអ្នកភូមិឲ្យមករស់នៅជិតតំបន់ Arunchai ដែលមានចម្ងាយប្រមាណ ៣ម៉ាយ ពីតំបន់ប្រសព្វគ្នារវាងព្រំដែនចិន ឥណ្ឌា និងប៊ូតាន នៅតាមជួរភ្នំហិមាល័យ។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI បានឲ្យដឹងថា អ្នកវិភាគឥណ្ឌាមួយរូប ដែលនិយាយប្រាប់ដល់ទូរទស្សន៍ NDTV បានអះអាងថា ប្រទេសចិនកំពុងតែប្រើប្រាស់យុទ្ធសាស្ត្រចល័ត ប្រជាជនឲ្យមករស់នៅតាមព្រំដែន ដើម្បីបង្កើតការអះអាងកម្មសិទ្ធិ នៅក្នុងទឹកដីមានជម្លោះ ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top