ព័ត៌មានអន្តរជាតិ

ប្រេសិតអាមេរិក មកដល់កូរ៉េខាងត្បូង ស្របពេលជាប់គាំងក្នុងកិច្ចប្រឹងប្រែង ចាប់ផ្តើមកិច្ចពិភាក្សាជាថ្មី ជាមួយកូរ៉េខាងជើង

បរទេស៖ ប្រសិតជាន់ខ្ពស់របស់ទីក្រុងវ៉ាស៊ីនតោន ទទួលបន្ទុកកិច្ចការកូរ៉េខាងជើង តាមសេចក្តីរាយការណ៍ បានអញ្ជើញមកដល់ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃអង្គារនេះ សម្រាប់អ្វីដែលគេរំពឹងទុកថា នឹងជាដំណើរទស្សនកិច្ច ចុងក្រោយរបស់លោក ជាមួយនឹងលទ្ធភាពតិចតួច ដើម្បីចាប់ផ្តើមសារជាថ្មី នូវកិច្ចពិភាក្សាគ្នាជាមួយទីក្រុងព្យុងយ៉ាង មុនពេលប្រធានាធិបតីជាប់ឆ្នោត លោក ចូ បៃដិន ឡើងកាន់តំណែងនៅខែក្រោយនេះ។

អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Stephen Biegun ដែលជួយដឹកនាំកិច្ចប្រឹងប្រែង របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងកិច្ចពិភាក្សាលុបបំបាត់ នុយក្លេអ៊ែជាមួយកូរ៉េខាងជើងនោះ បានធ្វើដំណើរមកដល់មូលដ្ឋាន ទ័ពអាកាសរបស់យោធាអាមេរិក នៅខាងត្បូងទីក្រុងសេអ៊ូល ក្នុងពេលចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេល ៤ថ្ងៃរបស់លោក។

តាមសេចក្តីរាយការណ៍ លោក Stephen Biegun បានគ្រោងជួបជាមួយមន្ត្រី កូរ៉េខាងត្បូងជាច្រើនរូប ដែលរួមទាំងរដ្ឋមន្ត្រីការបរទេស រដ្ឋមន្ត្រីបង្រួបបង្រួមដែលគ្រប់គ្រង លើចំណងមិត្តភាពជាមួយកូរ៉េខាងជើង និងប្រេសិតនុយក្លេអ៊ែរបស់កូរ៉េខាងត្បូង ក្នុងចំណោមមន្ត្រីដទៃផ្សេងទៀត ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top