ប៉េកាំង៖ អនុរដ្ឋមន្រ្តីក្រសួងការបរទេសចិន លោក Zheng Zeguang កាលពីថ្ងៃអង្គារបានកោះហៅលោក Robert Forden អនុប្រធានបេសកកម្មនៅស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសចិនដើម្បីធ្វើការតវ៉ាយ៉ាងឱឡារិក និងថ្កោលទោសយ៉ាងខ្លាំង ចំពោះការដាក់ទណ្ឌកម្មរបស់អាមេរិក លើអនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិន។
លោកបានឲ្យដឹងថា“ សកម្មភាពរបស់ភាគីអាមេរិក បានរំលោភយ៉ាងធ្ងន់ធ្ងរលើបទដ្ឋានមូលដ្ឋានក្នុងការគ្រប់គ្រងទំនាក់ទំនងអន្តរជាតិ ការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ចិន និងបង្កអន្តរាយដល់ទំនាក់ទំនងចិន – អាម៉េរិក” ។ លោកបានបន្ថែមថាទង្វើនេះពិតជាគួរឱ្យស្អប់ខ្ពើម និងអមនុស្សធម៌។
លោកបន្ដថា ហុងកុង គឺជាផ្នែកមួយនៃប្រទេសចិន ហើយកិច្ចការរបស់ហុងកុង គឺជាកិច្ចការផ្ទៃក្នុងរបស់ចិនសុទ្ធសាធ ហើយសហរដ្ឋអាមេរិកក៏គ្មានជំហរជ្រៀតជ្រែកដែរ។
គណៈកម្មាធិការអចិន្ត្រៃយ៍ NPC បានអនុម័តច្បាប់នៃសាធារណរដ្ឋប្រជាមានិតចិន ស្តីពីការការពារសន្តិសុខជាតិក្នុងតំបន់រដ្ឋបាលពិសេសហុងកុង (HKSAR) ដោយអនុលោមតាមរដ្ឋធម្មនុញ្ញ និងច្បាប់មូលដ្ឋាន HKSAR៕ដោយ ឈូក បូរ៉ា