បរទេស ៖ ប្រេសិតជាន់ខ្ពស់សហរដ្ឋអាមេរិកមួយរូប នៅថ្ងៃពុធនេះ បាននិយាយថា ទំនុកចិត្តនិងសម្ពន្ធភាព រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូល នឹងនៅតែរឹងមាំ បើទោះជាមានការផ្លាស់ប្តូរដ្ឋបាល សហរដ្ឋអាមេរិក នាពេលខាងមុនេះក៏ដោយ នេះបើតាមការឲ្យដឹងពីក្រសួងការ បរទេសកូរ៉េខាងត្បូង ។
ការថ្លែងបែបនេះ គឺត្រូវបានធ្វើឡើង ស្របពេលដែលអនុរដ្ឋមន្ត្រីអាមេរិក លោក Stephen Biegun ដែលបានជួយដឹកនាំកិច្ចប្រឹងប្រែង របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងកិច្ចពិភាក្សាលុបបំបាត់ នុយក្លេអ៊ែកូរ៉េខាងជើងនោះ បានជួបគ្នាជាមួយអនុរដ្ឋមន្ត្រីការបរទេស កូរ៉េខាងត្បូង លោក Choi Jong-kun ។
អនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង បានស្នើលោក Stephen Biegun ឲ្យធ្វើតួនាទីមួយដែលធានាថា សមិទ្ធផល ដែលសម្ពន្ធមិត្តទាំងពីរ បានបង្កើតរួមគ្នា នឹងធ្វើឲ្យមានការវិវត្តទៅមុខ មុនពេលដែលប្រធានាធិបតី ជាប់ឆ្នោតអាមេរិក លោក ចូ បៃដិន ឡើងកាន់អំណាចនៅខែក្រោយនេះ៕
ប្រែសម្រួល៖ប៉ាង កុង