ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ថា សកលវិទ្យាល័យ Johns Hopkins University បានឲ្យដឹងថា នៅសហរដ្ឋអាមេរិក មានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ លើសពី២៩០.០០០នាក់ គិតត្រឹមថ្ងៃព្រហស្បតិ៍ ។
ជាមួយគ្នានេះដែរ ចំនួនអ្នកឆ្លងជំងឺសរុបទូទាំងប្រទេស មានរហូតដល់ជាង ១៥,៤លាននាក់ហើយ ដែលចំនួនអ្នកស្លាប់ នៅទូទាំងសហរដ្ឋអាមេរិក គឺមានរហូតដល់២៩០.២១៩នាក់ គិតត្រឹមម៉ោង១២និង២៦នាទីល្ងាច ម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង១៧និង២៦នាទីល្ងាចម៉ោងសកល ។ សាកលវិទ្យាល័យបានបញ្ជាក់ដូច្នេះ ។
ក្រុងញ៉ូវយ៉ក មានអ្នកស្លាប់ច្រើនជាងគេ ដែលបានរាយការណ៍ គឺចំនួន៣៥.១៨៣នាក់ ដែលស្ថិតក្នុងលំដាប់ខ្ពស់បំផុត នៃរដ្ឋទាំងអស់របស់សហរដ្ឋអាមេរិក ។
រដ្ឋតិចសាស់ បានកត់ត្រាអំពីអ្នកស្លាប់ច្រើនបំផុតលំដាប់លេខ២ ដែលមានចំនួន ២៣.៦៥៧នាក់ ។ រដ្ឋកាលីហ្វ័រនីញ៉ា ផ្លរីដា និងញ៉ូឈឺស៊ី ត្រូវបានគេបញ្ជាក់ថា មានអ្នកស្លាប់ជាង១៧.០០០នាក់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា