ឡុងដ៏ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ថា តួលេខផ្លូវការបានប្រកាសចុងក្រោយ កាលពីថ្ងៃព្រហស្បតិ៍ មានពលរដ្ឋផ្សេងទៀត ចំនួន២០.៩៦៤នាក់ នៅចក្រភពអង់គ្លេស បានរកឃើញវិជ្ជមាន នៃជំងឺកូវីដ១៩ ដែលនាំឲ្យចំនួនអ្នកឆ្លងវីរុសកូរ៉ូណា សរុបនៅក្នុងប្រទេសកើន ឡើងដល់១.៧៨៧.៧៨៣នាក់ ។
ទិន្នន័យបានបង្ហាញថា អ្នកស្លាប់ដោយសារវីរុសកូរ៉ូណា នៅចក្រភពអង់គ្លេស បានកើនឡើងពី៥១៦ដល់៦៣.០៨២នាក់ ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលអង់គ្លេស Mitt Hancock បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃព្រហស្បតិ៍ថា ការធ្វើតេស្តទ្រង់ទ្រាយធំ នឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយ សម្រាប់សិស្សអនុវិទ្យាល័យនៅតំបន់ជាច្រើន នៃក្រុងឡុងដ៏ ក្រុង តំបន់ Essex និង Kent ដែលបានរងផលប៉ះពាល់ ដោយជំងឺឆ្លងរាតត្បាតកូវីដ១៩ ។
ទន្ទឹមនឹងនេះដែរ គ្រប់សាលាអនុវិទ្យាល័យ និងសកលវិទ្យាល័យទាំងអស់ នៅរដ្ឋ Wales នឹងត្រូវប្តូររៀនតាមអនឡាញគិតចាប់ពីថ្ងៃចន្ទ ។ លោក Kirsty Williams រដ្ឋមន្ត្រីក្រសួងអប់រំ ប្រចាំនៅក្រុង Wales បានលើកឡើងដូច្នេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា