សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូង នឹងបញ្ជូនប្រេសិតពិសេសទៅប្រទេសរុស្ស៊ី នៅសប្តាហ៍ក្រោយ ដើម្បីរំលឹកខួបលើកទី៣០ នៃចំណងការទូតទ្វេភាគី និងស្វែងរកមធ្យោបាយ សម្រាប់ការអភិវឌ្ឍទំនាក់ទំនង របស់ប្រទេសទាំងពីរ។
លោក Woo Yoon-keun អតីតសមាជិកសភា នៃគណបក្សប្រជាធិបតេយ្យ ដែលកាន់អំណាច ៣ អាណត្តិគ្រោងនឹងធ្វើទស្សនកិច្ចនៅប្រទេសរុស្ស៊ីនៅថ្ងៃអាទិត្យ រយៈពេលមួយសប្តាហ៍ ក្នុងឋានៈជាប្រេសិតពិសេស របស់ប្រធានាធិបតីលោក មូន ជេអ៊ីន។
ការិយាល័យរបស់លោក មូន ជេអ៊ីន បានឲ្យដឹងថា លោក ដែលបានបម្រើការជាឯកអគ្គរដ្ឋទូត ប្រចាំប្រទេសរុស្ស៊ីពីឆ្នាំ២០១៧-២០១៩ គ្រោងនឹងជួបជាមួយមន្រ្តីជាន់ខ្ពស់នៃរដ្ឋាភិបាល និងសភារបស់ប្រទេសរុស្ស៊ី ដើម្បីបង្ហាញពី“ ឆន្ទៈ” របស់រដ្ឋបាលលោក មូន ដើម្បីធ្វើឱ្យប្រសើរឡើង នូវទំនាក់ទំនងរវាងក្រុងសេអ៊ូល – ម៉ូស្គូ។
ភាគីទាំងពីរគ្រោងនឹងពិភាក្សា អំពីវិធីជំរុញការផ្លាស់ប្តូរទស្សនកិច្ច និងពិគ្រោះយោបល់កម្រិតខ្ពស់។ ដំណើរទស្សនកិច្ចគ្រោងទុករបស់ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន នៅទីនេះត្រូវបានពន្យារពេល ដោយសារការផ្ទុះឡើងនៃ COVID-១៩៕
ដោយ ឈូក បូរ៉ា