តូក្យូ៖ ខុទ្ទកាល័យនាយករដ្ឋមន្រ្តីលោក Yoshihide Suga បានសម្រេចចិត្តកាលពីថ្ងៃសុក្រ ក្នុងការចំណាយថវិកាបន្ថែមចំនួន ៣៨៥,៦២ ពាន់លានយ៉េន (៣,៧ ពាន់លានដុល្លារអាមេរិក) ដើម្បីប្រយុទ្ធប្រឆាំង នឹងជំងឺរាតត្បាតកូវីដ-១៩ ដោយប្រើប្រាស់ទឹកប្រាក់សរុប ដើម្បីពង្រីកកម្មវិធីឧបត្ថម្ភធន នៃការធ្វើដំណើរដ៏ចម្រូងចម្រាស។
រដ្ឋាភិបាលនឹងពង្រីកយុទ្ធនាការ“ ធ្វើដំណើរ” រយៈពេល ៥ ខែទៀត ដែលហួសកាលបរិច្ឆេទដើម នៅចុងខែមករា ដើម្បីគាំទ្រឧស្សាហកម្មទេសចរណ៍ ដែលរងគ្រោះដោយវីរុស និងគាំទ្រសេដ្ឋកិច្ចជប៉ុន ប៉ុន្តែអ្នកជំនាញខ្លះ បានស្តីបន្ទោសកម្មវិធីនេះ ចំពោះការកើនឡើងយ៉ាងខ្លាំងនាពេលថ្មីៗនេះ នៃចំនួនអ្នកឆ្លងជំងឺក្នុងគ្រួសារ។
ការចំណាយបន្ទាន់រួមបញ្ចូលទាំង ៣១១,៩៣ ពាន់លានយ៉េន ដើម្បីពង្រីកកម្មវិធី ដែលបានចាប់ផ្តើមនៅខែកក្កដា និងផ្តល់ការបញ្ចុះតម្លៃ ដើម្បីលើកទឹកចិត្តប្រជាជន ឱ្យធ្វើដំណើរកម្សាន្តនៅក្នុងប្រទេស។
នៅក្នុងនោះដែរ រដ្ឋាភិបាលក៏បានកំណត់ប្រាក់ចំនួន ៧៣,៦៩ ពាន់លានយ៉េន ដើម្បីផ្តល់ជំនួយបន្ថែមដល់ឪពុកម្តាយ ដែលមានប្រាក់ចំណូលទាប។
រដ្ឋាភិបាលជប៉ុន បានដាក់ចេញនូវមូលនិធិបម្រុងសរុបចំនួន ១១,៥ ពាន់ពាន់លានយ៉េន ក្រោមថវិកាបន្ថែមចំនួនពីររបស់ខ្លួន សម្រាប់ឆ្នាំសារពើពន្ធ ២០២០ រហូតដល់ខែមីនា ឆ្នាំក្រោយដើម្បីដោះស្រាយ ការធ្លាក់ចុះសេដ្ឋកិច្ចពីការរាតត្បាត ហើយបន្ទាប់ពីការសម្រេចចិត្តកាលពីថ្ងៃសុក្រ ថវិកាចំនួន ៦,៨៩ ពាន់ពាន់លានយ៉េន ស្ថិតនៅក្នុងមូលនិធិដដែល ៕
ដោយ ឈូក បូរ៉ា