ព័ត៌មានអន្តរជាតិ

ចិន បើកការទំនាក់ ទំនងឡើងវិញ ជាមួយអាមេរិក ខណៈក្រុងវ៉ាស៊ីនតោន ប្រកាសដាក់ទណ្ឌកម្មថ្មី លើហុងកុង

ប៉េកាំង៖ រដ្ឋមន្ត្រីការបរទេសចិនឲ្យដឹងថា ទីក្រុងប៉េកាំង បើកចំហដើម្បីចាប់ផ្តើមទំនាក់ទំនង របស់ខ្លួនជាមួយសហរដ្ឋអាមេរិកឡើងវិញ ដោយប្រកាសថា ប្រទេសទាំងពីរកំពុងស្ថិត នៅក្នុងយុគសម័យប្រវត្តិសាស្ត្រ ដ៏សំខាន់មួយ បន្ទាប់ពីភាពតានតឹងកាន់តែកើនឡើង ។

នៅក្នុងសុន្ទរកថាវីដេអូមួយ នៅឯក្រុមប្រឹក្សាពាណិជ្ជកម្មអាមេរិក – ចិន លោកវ៉ាង យី បានលើកឡើងថា គោលនយោបាយ របស់សហរដ្ឋអាមេរិក ចំពោះប្រទេសចិន ចាំបាច់ត្រូវវិលត្រឡប់ទៅរក“ ភាពផ្ទុយ និងភាពសមហេតុផលវិញ” នេះបើយោងតាមការចម្លងមួយ ដែលត្រូវបានចេញផ្សាយ នៅលើគេហទំព័ររបស់ក្រសួងការបរទេសចិន។

លោកវ៉ាង យី បានលើកឡើងថា “យើងគួរតែខិតខំ ដើម្បីចាប់ផ្តើមការសន្ទនាឡើងវិញ ដើម្បីរកផ្លូវត្រូវ ហើយកសាងទំនុកចិត្តទៅវិញទៅមកនៅក្នុងដំណាក់កាលបន្ទាប់នៃទំនាក់ទំនងចិន – អាមេរិក” ។

លោកបានស្តីបន្ទោសការ បែកបាក់គ្នាកាន់តែខ្លាំងឡើង រវាងសហរដ្ឋអាមេរិក និងចិន ចំពោះជនជាតិអាមេរិកាំងមួយចំនួនជាមួយនឹង“ ចិត្តគំនិតសង្រ្គាមត្រជាក់ហួសសម័យ និងការរើសអើងមនោគមវិជ្ជា” ។

លោកវ៉ាង យី បានបន្ថែមថា “គន្លឹះសំខាន់ គឺត្រូវគោរពគ្នាទៅវិញទៅមក ។ ត្រូវគោរពបេតិកភណ្ឌប្រវត្តិសាស្ត្រ និងវប្បធម៌របស់គ្នាទៅវិញទៅមកគោរពផលប្រយោជន៍ស្នូល និងកង្វល់សំខាន់ៗនិងគោរពជម្រើស របស់គ្នាទៅវិញទៅមក”៕
ដោយ ឈូក បូរ៉ា

To Top