ព័ត៌មានអន្តរជាតិ

ជប៉ុននឹងផលិតនាវាបំពាក់ ប្រព័ន្ធការពារ Aegis ថ្មីចំនួនពីរគ្រឿង ដើម្បីទប់ទល់ ការគម្រាមកំហែងនានា

បរទេស៖ប្រទេសជប៉ុន តាមសេចក្តីរាយការណ៍ កំពុងតែជំរុញបោះជំហានទៅមុនជាមួយផែនការនានា ដើម្បីធ្វើការកសាងផលិតនាវាបំពាក់ប្រព័ន្ធការពារ Aegis ថ្មីចំនួនពីរគ្រឿង ក្រោយបញ្ឈប់ការដាក់ពង្រាយប្រព័ន្ធការពារមីស៊ីលអាមេរិក Aegis Ashore ដែលមានមូលដ្ឋាននៅលើគោក។  

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន NHK និងទីភ្នាក់ងារសារព័ត៌មាន Nikkei បានឲ្យដឹងថា រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Nobuo Kishi បានមានប្រសាសន៍នៅថ្ងៃពុធម្សិលមិញនេះថា ទីក្រុងតូក្យូមានផែនការធ្វើការកសាងផលិតនាវាចំនួនពីរគ្រឿង ដែលអាចបំពាក់ដោយប្រព័ន្ធការពារមីស៊ីល Aegis។ 

គួរបញ្ជាក់ថា សេចក្តីថ្លែងការណ៍នេះ គឺត្រូវបានធ្វើឡើង ក្រោយក្រសួងការពារជាតិជប៉ុន បានធ្វើការដាក់សំណើលើផែនការផលិតនាវាថ្មីនេះ នៅមុនគណបក្សលទ្ធិប្រជាធិបតេយ្យសេរី និងដៃគូចម្រុះរបស់ខ្លួន គឺមជ្ឈមណ្ឌល Komeito៕

To Top