បរទេស៖ អតីតនាយកមជ្ឈមណ្ឌល គ្រប់គ្រងជំងឺ ទីក្រុងហាណូយ ហៅកាត់ថា CDC ប្រទេសវៀតណាម នឹងត្រូវជាប់ពន្ធនាគារ ១០ឆ្នាំ ពីបទធ្វើផែនការ បោកប្រាស់ (បំបោងទឹកលុយ) ទិញឧបករណ៍ ធ្វើតេស្តរកមេរោគកូវីដ១៩ ទៅដល់ ៣ដង ពីតម្លៃដើម។
យោងសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹថា តុលាការប្រជាជនទីក្រុងហាណូយ កាលពីថ្ងៃសៅរ៍ បានរកឃើញថា លោក ង្វៀន ញ៉ាត់ខាំ អាយុ ៥៧ ឆ្នាំ ជាអតីតប្រធាន មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ មានពិរុទ្ធ ពីបទប្រព្រឹត្ដបទឧក្រិដ្ឋ ប្រឆាំងនឹងបទប្បញ្ញត្តិ នៃច្បាប់ស្តីពីការដេញថ្លៃ ដែលនាំឱ្យមានផលវិបាកធ្ងន់ធ្ងរ ដែលបណ្តាលឱ្យរដ្ឋខាតបង់ថវិកា ចំនួន ៥,៤ ពាន់លានដុង (២៣៣ ៤៨៣ ដុល្លារ) ។
លោក ខាំ ត្រូវបានចាប់ខ្លួន កាលពីខែមេសា ដោយរង់ចាំការស៊ើបអង្កេត លើការឆបោកនេះ។ ចំណែកបក្ខពួកសមគំនិត ៧ នាក់ផ្សេងទៀតត្រូវជាប់ពន្ធនាគារ ពី ៣ឆ្នាំ ទៅ ៦ឆ្នាំកន្លះ ខណៈពីរនាក់ទៀត ត្រូវបានផ្តន្ទាទោស ៣៦ ខែ ប៉ុន្តែត្រូវព្យួរ។
អ្នកសមគំនិត ៥ នាក់ក្នុងចំណោម ០៩នាក់ គឺជាមន្ត្រីជាន់ខ្ពស់នៅ CDC ក្រុងហាណូយ ខណៈដែលអ្នកផ្សេងទៀត ជានាយកក្រុមហ៊ុន ដែលពាក់ព័ន្ធនឹងករណីនេះ។
យោងតាមការចោទប្រកាន់ ដោយទាញយកអត្ថប្រយោជន៍ ពីស្ថានភាពស្មុគស្មាញ នៃរោគរាតត្បាត របស់វីរុសកូវីដ១៩ និងការសម្រេចចិត្ត របស់ទីក្រុងហាណូយ ក្នុងការបង្កើនថវិកា ដើម្បីទិញគ្រឿងម៉ាស៊ីន និងគ្រឿងផ្គត់ផ្គង់ វេជ្ជសាស្ត្របន្ថែមទៀត ដើម្បីធ្វើតេស្ត អ្នកសង្ស័យវីរុសកូវីដ១៩ លោកខាំ បានរួមគំនិត ជាមួយមន្ត្រីក្រោមឱវាទ ដើម្បីតម្លើងថ្លៃគ្រឿងម៉ាស៊ីនពេទ្យ និង ឧបករណ៍ដែលត្រូវបាន ប្រើសម្រាប់ការធ្វើតេស្ត។
ចាប់ផ្តើមពីខែកុម្ភៈពួកគេ បានបំប៉ោងតម្លៃទិញ សម្រាប់ឧបករណ៍ធ្វើតេស្ត Covid-19 ដោយប្រើប្រព័ន្ធខ្សែសង្វាក់ ប្រតិកម្ម polymerase (ប្រព័ន្ធ PCR ជាក់ស្តែង) ចំនួន ៣ ដង ដល់ទៅតម្លៃ ៧ ពាន់លានដុង ខណៈពេលដែលវា ត្រូវបាននាំចូល ពីប្រទេសអាល្លឺម៉ង់ គឺត្រឹមតែ ២,៣ ពាន់លានដុងប៉ុណ្ណោះ៕ ប្រែសម្រួលៈ ណៃ តុលា