Covid-19

វិភាគ: អាមេរិកជាប្រទេសទី៦ ដែលសម្រេចចិត្តប្រើប្រាស់ វ៉ាក់សាំងបង្ការវីរុស Covid-19 របស់ក្រុមហ៊ុន Pfizer បច្ចុប្បន្នភាព

ប្រព័ន្ធផ្សព្វផ្សាយ Reuters បានចុះផ្សាយថា ប្រធានាធិបតីជិតផុតអាណត្តិ លោក ដូណាល់ ត្រាំ អនុប្រធានាធិបតី លោក ម៉ាយ ផេន និងមន្ត្រីសំខាន់ៗនៅសេតវិមាន របស់សហរដ្ឋអាមេរិក នឹងទទួលបានវ៉ាក់សាំងបង្ការវីរុសCovid-19ដូសដំបូងពីក្រុមហ៊ុន Pfizer នៅថ្ងៃចន្ទ ទី១៤ ខែធ្នូនេះ ។

លោក ត្រាំ បានប្រកាសតាមប្រព័ន្ធ Twitter របស់លោកថា ប្រជាពលរដ្ឋអាមេរិក នឹងបានទទួលវ៉ាក់សាំងបង្ការវីរុស Covid-19 នៅដូសដំបូងដោយឥតគិតថ្លៃ ចាប់ថ្ងៃនេះទៅ ដែលជាជោគជ័យមួយដ៏ធំធេង សម្រាប់សហរដ្ឋអាមេរិក ហើយនៅខែធ្នូនេះ វ៉ាក់សាំងប្រមាណជាង ២០លានដូស នឹងត្រូវចាក់ជូនប្រជាពលរដ្ឋអាមេរិក ។

សេចក្តីប្រកាសរបស់លោក ត្រាំ ត្រូវបានធ្វើឡើងក្រោយពីលោកស្រី ដិននីស ហ៊ីនតុន (Denise Hinton) ប្រធានរដ្ឋបាលម្ហូបអាហារ និងឱសថ (FDA) បានផ្ញើលិខិតទៅកាន់ក្រុមហ៊ុន ហ្វាយស៊ើ (Pfizer) ក្នុងការអនុញ្ញាតអោយក្រុមហ៊ុននេះ ប្រើប្រាស់វ៉ាក់សាំងបង្ការវីរុសCovid-19ជាផ្លូវការនៅលើទឹកអាមេរិក ដែលជាក្រុមហ៊ុនក្នុងស្រុកស្រាប់ ។

សូមបញ្ជាក់ជូនថា សហរដ្ឋអាមេរិក គឺជាប្រទេសទី៦ នៅលើពិភពលោក ដែលបានសម្រេចចិត្តប្រើប្រាស់ វ៉ាក់សាំងបង្ការវីរុស Covid-19 របស់ក្រុមហ៊ុន Pfizer និង BioNTech បន្ទាប់ពីប្រទេសអង់គ្លេស កាណាដា បារ៉ែន អារ៉ាប៊ី សាអ៊ូឌីត និងប្រទេសម៉ិកស៊ិក ដែលបានសម្រេចប្រើប្រាស់វ៉ាក់សាំង របស់ក្រុមហ៊ុននេះមុនអាមេរិកទៅទៀត ។

FDA បានអោយដឹងថា នៅក្នុងដំណាក់កាលដំបូង មនុស្សចាស់ បុគ្គលិកពេទ្យ និងអ្នកធ្វើការនៅមណ្ឌលចាស់ជរាជិត ៣លាននាក់ នឹងទទួលបានវ៉ាក់សាំងបង្ការវីរុស Covid-19 របស់ក្រុមហ៊ុន Pfizer ដែលមានរោងចក្រផលិតឱសថនៅរដ្ឋ Michigan ស្រាប់ នឹងបញ្ជូនវ៉ាក់សាំងប្រមាណ ៣លានដូស ទៅកាន់មន្ទីរពេទ្យ ឱសថស្ថាន និងទីកន្លែងដែលអភិបាលរដ្ឋ បានជ្រើសរើសសម្រាប់ដំណើរការ ចាក់វ៉ាក់សាំងដូសទី១ ហើយវ៉ាក់សាំងចំណែក ៣លានដូសផ្សេងទៀត នឹងត្រូវផ្ញើនៅ៣សប្តាហ៍ខាងមុខ សម្រាប់ការចាក់វ៉ាក់សាំងដូសទី២ ។

នេះជាលើកទី១ហើយ ក្នុងប្រវត្តិការងារសម្រាប់រដ្ឋបាលម្ហូបអាហារ និងឱសថ (FDA) ដែលបានប្រើប្រាស់រយៈពេលខ្លី ក្នុងការអនុញ្ញាតអោយប្រើប្រាស់ វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer ដែលទើបដាក់ពាក្យសុំការអនុញ្ញាតបានតែ ៣សប្តាហ៍ប៉ុណ្ណោះ ។ ការសម្រេចឲ្យប្រើប្រាស់បន្ទាន់ នូវវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer ត្រូវបានធ្វើឡើងនៅក្នុងកាលៈទេសៈ ដែលវីរុស Covid-19 កំពុងឆ្លងក្នុងល្បឿនមួយដ៏លឿន និងបានសម្លាប់មនុស្សប្រចាំថ្ងៃ កាន់តែច្រើននៅសហរដ្ឋអាមេរិក ។

បើតាមសេចក្តីប្រកាស របស់រដ្ឋបាលម្ហូបអាហារ និងឱសថ (FDA) បានបញ្ជាក់ថា ក្រុមហ៊ុន Pfizer ផ្គត់ផ្គង់វ៉ាក់សាំងបង្ការវីរុសCovid-19ដល់ប្រជាពលរដ្ឋប្រមាណជាង ២០លាននាក់នៅខែធ្នូនេះ ឬនៅដំណាច់ឆ្នាំ២០២០ ។ គិតត្រឹមព្រឹកថ្ងៃចន្ទ ទី១៤ ខែធ្នូនេះ ចំនួនមនុស្សឆ្លងវីរុសCovid-19សរុបនៅសហរដ្ឋអាមេរិក បានកើនឡើងដល់១៦ ៧៣៧ ២៦៧នាក់ និងមនុស្សស្លាប់សរុបដោយសារវីរុសនេះ បានកើនឡើងដល់៣០៦ ៤៥៩នាក់ ខណៈដែលមនុស្សជាសះស្បើយ សរុបបានកើនឡើងដល់៩ ៧២៤ ៤៣៩នាក់ ។

ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ គិតត្រឹមព្រឹកថ្ងៃចន្ទនេះដែរ មនុស្សឆ្លងថ្មីនៃវីរុសCovid-19នៅសហរដ្ឋអាមេរិក មានចំនួន១៨៧ ៩០១នាក់ និងមនុស្សស្លាប់ថ្មីដោយសារវីរុសនេះមានចំនួន១៣៧៩នាក់ ។
សហរដ្ឋអាមេរិក គឺជាប្រទេសជាប់លំដាប់ថ្នាក់លេខ១ នៅលើពិភពលោក ដែលមានបរិមាណមនុស្សស្លាប់សរុប និងមនុស្សឆ្លងវីរុស Covid-19 សរុបច្រើនជាងគេនៅលើពិភពលោក ។​

ដើមចមនាំអោយកើតរឿង Pfizer គឺជាក្រុមហ៊ុនរបស់អាមេរិក និងមានមូលដ្ឋាននៅអាមេរិក ប៉ុន្តែដើមចមដែលនាំអោយប្រទេសមហាអំណាច មួយនេះបានទទួលវ៉ាក់សាំងបង្ការវីរុស Covid-19 ក្រោយគេ ក្នុងលំដាប់ទី៦ នៅលើពិភពលោក គឺដោយសាររដ្ឋបាលម្ហូបអាហារ និងឱសថ (FDA) មានភាពយឺតយ៉ាវក្នុងការ អនុញ្ញាតអោយប្រើប្រាស់វ៉ាក់សាំងនេះ ។

FDA ហាក់ដូចជាមានភាពប្រយ័ត្នប្រយែងខ្លាំង ក្នុងការទទួលស្គាល់ និងអនុញ្ញាតអោយក្រុមហ៊ុន Pfizer ប្រើប្រាស់វ៉ាក់សាំងបង្ការវីរុស Covid-19 នៅសហរដ្ឋអាមេរិក ដែលការប្រយ័ត្នប្រយែងនេះ គឺផ្តោតទៅលើហានិភ័យផ្នែកសុខភាព ប្រជាពលរដ្ឋទៅថ្ងៃក្រោយ ៕ ដោយ៖ អ៊ី ជិន

To Top