បរទេស៖ នាយករដ្ឋមន្ត្រីនៃប្រទេសស៊ូដង់ លោក Abdalla Hamdok នៅពេលថ្មីៗនេះ បានធ្វើទស្សនកិច្ចប្រទេសអេត្យូពី ជាមួយអ្វីដែលមន្ត្រីរដ្ឋាភិបាល ជាន់ខ្ពស់ស៊ូដង់និយាយថា គឺជាសំណើសុំសម្របសម្រួល ឲ្យមានបទឈប់បាញ់គ្នា នៅក្នុងតំបន់ Tigray ភាគខាងជើងប្រទេស ហើយនោះជាសំណើមួយ ដែលប្រទេសអេត្យូពីនិយាយថា មិនចាំបាច់ ព្រោះតែការប្រយុទ្ធគ្នាបានឈប់ហើយ។
លោក Abdalla Hamdok ដែលអមដំណើរដោយមន្ត្រីសន្តិសុខស៊ូដង់នោះ បានគ្រោងបង្ហាញក្តីព្រួយបារម្ភរបស់លោក ស្តីពីការគម្រាមកំហែងនានា ចំពោះសន្តិសុខរបស់ប្រទេសស៊ូដង់ នៅតាមព្រំដែនជាប់តំបន់ Tigray នៅក្នុងអំឡុងដំណើរទស្សនកិច្ចនោះ។
គួរបញ្ជាក់ថា ការប្រយុទ្ធគ្នា បានផ្ទុះឡើងនៅថ្ងៃទី៤ ខែវិច្ឆិកា រវាងកងកម្លាំងរដ្ឋាភិបាលអេត្យូពី និងកងកម្លាំងរណរ្សិរំដោះប្រជាជនតំបន់ Tigray ហើយមនុស្សរាប់ពាន់នាក់ ត្រូវបានគេជឿថា បានស្លាប់បាត់បង់ជីវិត និងជាង៩៥០.០០០នាក់ បានរត់ភៀសខ្លួន ដែលក្នុងចំណោមនោះ ចំនួនប្រមាណ៥០.០០០នាក់ បានរត់ចូលទៅក្នុងប្រទេសស៊ូដង់ ៕
ប្រែសម្រួល៖ ប៉ាង កុង