ប្រទេសឥណ្ឌូណេស៊ី ទីក្រុងហ្សាការតា ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០, លោក Aladdin D. Rillo អគ្គលេខាធិការរង ទទួលបន្ទុកផ្នែកសេដ្ឋកិច្ចអាស៊ាន បានមានប្រសាសន៍ថា: “ដើម្បីជំរុញការងើបឡើងវិញ នៃតំបន់ក្នុងយុគសម័យក្រោយ Covid-19 អាស៊ានគួរតែពន្លឿនការធ្វើ សមាហរណកម្មឌីជីថលរបស់ខ្លួន ដែលមានសក្តានុពលក្នុងការបង្កើត ផលិតផលក្នុងស្រុក (GDP) សរុបជាង១ពាន់កោដិដុល្លារ (=1,000,000 លានដុល្លារ) នាឆ្នាំ២០២៥” តាមរយៈវេទិកាសាធារណៈលើអ៊ីនធឺណិត នៅថ្ងៃព្រហស្បតិ៍នេះ។
ប្រឆាំងនឹងការរីករាលដាល នៃជម្ងឺរាតត្បាត Covid-19, ហគមន៍គោលនយោបាយ ការបរទេសឥណ្ឌូណេស៊ី (FPCI) បានសហការជាមួយក្រុមហ៊ុន Huawei ធ្វើកិច្ចពិភាក្សាអន្តរកម្មរវាង អ្នកធ្វើគោលនយោបាយ, អ្នកសិក្សា និងអ្នកជំនាញខាងឧស្សាហកម្ម ស្តីពីស្ថានភាពនៃការតភ្ជាប់ឌីជីថល, បញ្ហាប្រឈម និងសក្តានុពលឆ្ពោះទៅរក អាស៊ានឌីជីថលដ៍សម្បូរបែប។
លោក Aladdin D. Rillo បានពណ៌នាបន្ថែមថា “ខ្ញុំមើលទៅលើការតភ្ជាប់ និងការផ្លាស់ប្តូរឌីជីថល គឺជាអាទិភាពសំខាន់ និងជាបញ្ហាអន្តរវិស័យដែលជះឥទ្ធិពល ដល់គ្រប់វិស័យទាំងអស់នៅក្នុងសេដ្ឋកិច្ច។ ដូច្នេះវាទាមទារអោយមានវិធីសាស្រ្ត ឆ្លើយតបឬការចូលរួមរបស់ ភាគីពាក់ព័ន្ធជាច្រើន។ ហើយនេះក៏តម្រូវអោយមានការចូលរួមពីអ្នកពាក់ព័ន្ធ រួមទាំងវិស័យឯកជនដូចជាក្រុមហ៊ុន Huawei ផងដែរ”។
លោកបាននិយាយថា អាស៊ានត្រូវការការចូលរួមចំណែក ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ចាប់រាប់តាំងពីប្រទេស, បណ្ឌិតសភា រហូតដល់វិស័យឯកជន រួមទាំងក្រុមហ៊ុនដូចជាក្រុមហ៊ុន Huawei ជាដើម, ដើម្បីដោះស្រាយនូវចំនុចអាទិភាព មួយចំនួននៅក្នុងតំបន់ ដើម្បីធានាដល់ការផ្លាស់ប្តូរឌីជីថលនៅទីនេះ។ ចំនុចអាទិភាពទាំងនេះរួមមាន ការលើកកម្ពស់ជំនាញឌីជីថល, លើកកម្ពស់ការគ្រប់គ្រងទិន្នន័យឌីជីថល និងពង្រឹងសន្តិសុខតាមអ៊ីនធឺណិតជាដើម។ កត្តាទាំងនេះអាចសម្រេច តាមរយៈលទ្ធភាពពីរយ៉ាង, គឺទីមួយ ការចែករំលែកទិន្នន័យដើម្បីណែនាំ គោលនយោបាយនិងផ្តល់សេវាសាធារណៈ, ហើយនិងទីពីរគឺ ការផ្តល់ដំណោះស្រាយឌីជីថល ដើម្បីទទួលបានភាពរឹងមាំ។
ក្នុងកំឡុងពេលនៃជម្ងឺរាតត្បាត Covid-19, ផ្នែកបច្ចេកវិទ្យាពត៌មានវិទ្យា (ICT) បានដើរតួនាទីជាមូលដ្ឋាន ក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគឆ្លង និងជួយបន្ធូរបន្ថយ ផលប៉ះពាល់អវិជ្ជមានរបស់វា។ នៅទូទាំងតំបន់អាស៊ានឧស្សាហកម្មនានា បានចាប់ផ្តើមមានទំនុកចិត្តកាន់តែខ្លាំង ឡើងថាបច្ចេកវិទ្យាព័ត៌មានវិទ្យា (ICT) នឹងក្លាយជាកម្លាំងរុញច្រាន ដ៏សំខាន់មួយក្នុងការពន្លឿនការងើបឡើងវិញ របស់សេដ្ឋកិច្ចក្រោយការឆ្លងជម្ងឺរាតត្បាត។ ការផ្លាស់ប្តូរឌីជីថល នឹងពង្រឹងការតភ្ជាប់ក្នុងចំណោម ប្រទេសសមាជិកអាស៊ាន ដើម្បីប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ឱ្យកាន់តែប្រសើរឡើង ដើម្បីទ្រទ្រង់និងរីកចម្រើនអាជីវកម្ម, រដ្ឋាភិបាល និងសង្គម ដែលមានប្រជាជនចំនួន ៦៥០លាននាក់។
លោកបណ្ឌិត Dino Patti Djalal ស្ថាបនិកនិងជាអគ្គនាយក FPCI, បានមានប្រសាសន៍ថា ការតភ្ជាប់ឌីជីថល កាន់តែមានភាពពាក់ព័ន្ធនៅ ពេលដែលជម្ងឺរាតត្បាតបានគ្របដណ្តប់ លើពិភពលោកទាំងមូល។ ការស្រាវជ្រាវបានបង្ហាញថា បណ្តាប្រទេសដែលមានហេដ្ឋារចនាសម្ព័ន្ធ តភ្ជាប់រឹងមាំនៃប្រព័ន្ធឌីជីថល អាចកាត់បន្ថយផលប៉ះពាល់ សេដ្ឋកិច្ចអវិជ្ជមាន រហូតដល់ពាក់កណ្តាលនៃផលវិបាក ដែលបន្សល់ទុកពីការផ្ទុះឡើងនៃជម្ងឺរាតត្បាត។ “ទាក់ទងនឹងឌីជីថល, យើងត្រូវមានចំណេះដឹងផ្នែកឌីជីថល ការដំណើរការឌីជីថល និងហេដ្ឋារចនាសម្ព័ន្ធឌីជីថលបន្ថែម។ ប្រសិនបើយើងទទួលបានអ្វីៗ ទាំងនេះត្រឹមត្រូវ យើងនឹងអាចសំរេចបាននូវ ចក្ខុវិស័យនៃការអប់រំដោយសេរីមិនខាន។ អ្វីដែលសំខាន់បំផុតនោះ គឺការធ្វើសមាហរណកម្មនៃ បទប្បញ្ញត្តិក្នុងចំណោម ប្រទេសអាស៊ានទាំង១០ ទោះបីជាយើងមានចក្ខុវិស័យ ដើម្បីធ្វើឱ្យឌីជីថលអាស៊ានក៏ដោយ ប៉ុន្តែយើងនៅតែមានបញ្ហាប្រឈម ដែលស្ថិតក្នុងបទប្បញ្ញត្តិជានិច្ច។ “នៅពេលយើងដោះស្រាយបញ្ហាទាំងនេះ យើងនឹងអាចធ្វើឱ្យមានវឌ្ឍនភាព និងការរីកចម្រើនយ៉ាងខ្លាំង» នេះបើតាមលោកអគ្គនាយក FPCI។
ចែករំលែកទស្សនៈប្រហាក់ប្រហែលគ្នានេះ, លោក Jay Chen អគ្គនាយកក្រុមហ៊ុនHuaweiប្រចាំអាស៊ីប៉ាស៊ីហ្វិក បានជឿជាក់ថា: “ការប្រើប្រាស់ចំណេះដឹងបច្ចេកវិទ្យា, ទិន្នន័យ និងការធ្វើសមាហរណកម្មឌីជីថល នឹងជួយធ្វើសមកាលកម្មកិច្ចខិតខំប្រឹងប្រែង របស់ប្រទេសសមាជិកអាស៊ាន ដើម្បីជំរុញសេដ្ឋកិច្ចក្នុងតំបន់ ហើយនឹងបើកទ្វារឱ្យប្រទេសអាស៊ាន ពង្រឹងអំណាចសេដ្ឋកិច្ចពិតរបស់ខ្លួន នៅក្នុងសកលសេដ្ឋកិច្ចឌីជីថលថ្មី”។ លោក Jay Chen មានប្រសាសន៍បន្តែមទៀតថា “ក្នុងនាមជាអ្នកផ្គត់ផ្គង់ឈានមុខគេ ខាងផ្នែកហេដ្ឋារចនាសម្ព័ន្ធ បច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍ និងឧបករណ៍ឆ្លាតវៃ, ក្រុមហ៊ុន Huawei ប្តេជ្ញាធ្វើការជាមួយដៃគូជុំវិញពិភពលោក ដើម្បីគាំទ្រប្រទេសអាស៊ាន លើគំនិតផ្តួចផ្តើមនៃការផ្លាស់ប្តូរ និងធ្វើសមាហរណកម្មឌីជីថលក្នុងតំបន់”។
សូមគូសបញ្ញាក់ថា ក្នុងប្រធានបទពិភាក្សាអំពី “ដំណើរឆ្ពោះទៅកាន់ឌីជីថលអាស៊ាន (ស្ថានភាពបច្ចុប្បន្ន, ឱកាស និងបញ្ហាប្រឈម ក្នុងពេលមានជម្ងឺរាតត្បាត) ក៍មានវាគ្មិនកិត្តិយសជាច្រើនចូលរួមដូចជា: លោកបណ្ឌិត Rizal Affandi Lukman (អនុរដ្ឋមន្ត្រីក្រសួងសហប្រតិបត្តិការ សេដ្ឋកិច្ចអន្តរជាតិ នៃក្រសួងសម្របសម្រួលឥណ្ឌូណេស៊ី ទទួលបន្ទុកកិច្ចការសេដ្ឋកិច្ច), លោក Odo Manuhutu (អនុរដ្ឋមន្រ្តីសម្របសម្រួលទទួលបន្ទុក ទេសចរណ៍និងសេដ្ឋកិច្ចច្នៃប្រឌិត នៃក្រសួងសម្របសម្រួលឥណ្ឌូណេស៊ី ទទួលបន្ទុកកិច្ចការដែនសមុទ្រ និងវិនិយោគ), បណ្ឌិត Jayant Menon (សមាជិកជាន់ខ្ពស់នៃកម្មវិធី សិក្សាសេដ្ឋកិច្ចថ្នាក់តំបន់ នៃវិទ្យាស្ថាន ISEAS – Yusof Ishak Institute Singapore និងជាអតីតសេដ្ឋវិទូនាំមុខ នៃធនាគារអភិវឌ្ឍន៍អាស៊ី-ADB), និងលោក Sam Cheng Qingjun (អគ្គនាយកផ្នែកបំលែងឌីជីថល, ទំនាក់ទំនងកិច្ចការសាធារណៈ និងរដ្ឋាភិបាល របស់ក្រុមហ៊ុន Huawei) ផងដែរ ៕