ព័ត៌មានអន្តរជាតិ

លោក Erdogan៖ ទណ្ឌកម្មអាមេរិក នឹងមិនរារាំង ដល់ឧស្សាហកម្មការពារជាតិតួកគីទេ

បរទេស៖ ប្រធានាធិបតីតួកគី លោក Tayyip Erdogan នៅថ្ងៃពុធនេះ បាននិយាយថា ទណ្ឌកម្មសហរដ្ឋអាមេរិក ដែលដាក់លើប្រទេសតួកគី ជុំវិញរឿងទិញយកប្រព័ន្ធការពារមីស៊ីល S-400 ពីប្រទេសរុស្ស៊ីនោះ នឹងបរាជ័យក្នុងអ្វីដែលលោកនិយាយថា ជាគោលបំណងរបស់ពួកគេ ក្នុងការរារាំងកិច្ចប្រឹងប្រែង ឧស្សាហកម្មការពារជាតិរបស់តួកគី។

នៅក្នុងសន្នសីទ ដែលផ្សាយបន្តផ្ទាល់ លើកញ្ចក់ទូរទស្សន៍ លោក Erdogan បានមានប្រសាសន៍ថា ទណ្ឌកម្មបានបង្ហាញឲ្យឃើញ នូវគោលជំហរអរិភាព ធ្វើឡើងដោយសហរដ្ឋអាមេរិក មកលើសម្ពន្ធមិត្តណាតូរបស់ខ្លួន ប៉ុន្តែថា បញ្ហាដែលពួកគេបង្កើតឡើង នឹងត្រូវបរាជ័យ។

គួរបញ្ជាក់ថា នៅពេលថ្មីៗនេះ សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្ម លើនាយកដ្ឋានឧស្សាហកម្ម ការពារជាតិរបស់ប្រទេសតួកគី ព្រមទាំងប្រធាន និងបុគ្គលិក៣នាក់ផ្សេងទៀត ជុំវិញរឿងតួកគី បានទិញយកប្រព័ន្ធការពារមីស៊ីល S-400 ពីប្រទេសរុស្ស៊ី៕ ប្រែសម្រួល៖ប៉ាង កុង

To Top