បរទេស ៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាស្សាន រ៉ូហានី នៅថ្ងៃពុធនេះ បាននិយាយថា លោកសប្បាយចិត្តជាខ្លាំង ដែលលោក ដូណាល់ ត្រាំ នឹងត្រូវចាកចេញពីតំណែង ប្រធានាធិបតីអាមេរិក ដោយហៅលោកថា ជាប្រធានាធិបតីអាមេរិកគ្មានច្បាប់ និងជាភេរវករ ។
នៅក្នុងសុន្ទរកថាថ្លែងប្រាប់គណៈរដ្ឋមន្ត្រី ដែលផ្សាយបន្តផ្ទាល់លើកញ្ចក់ទូរទស្សន៍ លោក ហាស្សាន រ៉ូហានី បានមានប្រសាសន៍យ៉ាងដូច្នេះថា “យើងមិនត្រេកអរសប្បាយជ្រុលហួស ចំពោះការចូលមកដល់របស់លោក បៃដិន នោះទេ ប៉ុន្តែយើងសប្បាយចិត្ត ដែលលោក ត្រាំ ត្រូវចាកចេញទៅ” ។
យោងតាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មាន Daily Mail នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា ការថ្លែងបែបនេះរបស់លោកប្រធានាធិបតីអ៊ីរ៉ង់ គឺត្រូវបានធ្វើឡើង ក្រោយលោក ត្រាំ កាលពីខែមុន បាននិយាយអំពីការ ចាប់ផ្តើមវាយប្រហារលើអ៊ីរ៉ង់ បន្ទាប់ពីរបាយការណ៍អង្គការសហប្រជាជាតិមួយបង្ហាញ អំពីការកើនឡើងនៃស្តុកនុយក្លេអ៊ែអ៊ីរ៉ង់៕
ប្រែសម្រួល៖ប៉ាង កុង