ព័ត៌មានអន្តរជាតិ

ប្រទេសចិន នៅតែជាដៃគូពាណិជ្ជកម្មកំពូល របស់សហភាពអឺរ៉ុប នៅឆ្នាំ២០២០នេះ

ព្រុចសែល៖ ប្រភពព័ត៌មានពី Eurostat បានឲ្យដឹងថា ប្រទេសចិន នៅតែជាដៃគូពាណិជ្ជកម្មកំពូល របស់សហភាពអឺរ៉ុបគិតត្រឹមខែតុលា ឆ្នាំ២០២០ បើទោះជាមានវិធានការរឹតបន្ដឹងពន្ធគយ និងជំងឺរាតត្បាតក៏ដោយ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប ជាមួយចិនក្នុងរយៈពេល ១០ ខែដំបូងមានចំនួនប្រហែល ៤៧៧,៧ ពាន់លានអឺរ៉ូ (៥៨២,៨ ពាន់លានដុល្លារអាមេរិក) កើនឡើង ២,២ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០១៩ ។

ទន្ទឹមនឹងនេះពាណិជ្ជកម្មទំនិញ ជាមួយសហរដ្ឋអាមេរិក ក្នុងខែមករា – តុលា បានធ្លាក់ចុះដល់ ៤៦០,៧ ពាន់លានអឺរ៉ូ ពោល គឺធ្លាក់ចុះ ១១,២ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។

ដោយចាប់ផ្តើមពីខែកក្កដា ប្រទេសចិន បានក្លាយជាដៃគូពាណិជ្ជកម្មកំពូលរបស់ប្លុកនេះ ដែលជាជំហរមួយ ដែលត្រូវបានកាន់កាប់ពីមុនដោយសហរដ្ឋអាមេរិក នេះបើយោងតាមការស្ថិតិរបស់សហភាពអឺរ៉ុប។

ពាណិជ្ជកម្មអន្តរជាតិរបស់ប្លុកនេះ បានធ្លាក់ចុះយ៉ាងខ្លាំងចាប់ពីខែកុម្ភៈ តទៅ និងឈានដល់កម្រិតទាបបំផុត នៅក្នុងខែមេសា បន្ទាប់ពីអឺរ៉ុប ត្រូវបានអង្គការសុខភាពពិភពលោក បានកំណត់ថា ជាចំណុចកណ្តាលនៃជំងឺ COVID-១៩ នៅពាក់កណ្តាលខែមីនា៕

ដោយ ឈូក បូរ៉ា

To Top